ក្រុមហ៊ុន Apple បានព្យាយាមបិទផ្ទប់មុខងារថតខ្សែអាត់សំឡេងសន្ទនាតាមទូរស័ព្ទជាយូរយារមកហើយ ដើម្បីរក្សាការពារឯកជនភាពអតិថិជនរបស់ខ្លួន។ ជាក់ស្តែង រាល់ពេលមានការហៅទូរស័ព្ទចូលម្តងៗ សំឡេងសន្ទនាមិនអាចបញ្ចូនចេញតាមកម្មវិធី AirPlay ទៅកាន់កម្មវិធីថតសំឡេងណាមួយដូចជា Vidyo បានឡើយ លើកលែងតែ iPhone ត្រូវបាន Jailbreak រួច។ មូលហេតុនេះហើយ ទើបបានជាកម្មវិធីថតសំឡេងសន្ទនាទូរស័ព្ទខ្សោះ។ ទោះយ៉ាងណា គេនៅមានដំណោះស្រាយគន្លឹះមួយតាមសេវា Voicemail ដែលវាអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទូរស័ព្ទដៃ iPhone ទោះមិនទាន់ Jailbreak អាចប្រើទូរស័ព្ទរបស់ខ្លួនថតសំឡេងសន្ទនាតាមទូរស័ព្ទទុក ឬផ្ញើទៅកាន់នរណាម្នាក់បាន ហើយ Post Tech សូមលើកយកមកបង្ហាញជូនលោកអ្នកឱ្យបានជ្រាបដូចតទៅ៖
លក្ខខណ្ឌអនុវត្តន៍៖
– iPhone ត្រូវភ្ជាប់សេវាកម្ម Voicemail របស់ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ (ឧ. Cellcard, Smart)
– ប្រព័ន្ធរបស់ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទគាំទ្រមុខងារ Visual Voicemail និងហៅចេញ ៣ ខ្សែរបស់ទូរស័ព្ទ iPhone
– iPhone ត្រូវភ្ជាប់បណ្តាញទូរស័ព្ទ (cellular network) និងដំណើរការលើប្រព័ន្ធ iOS ចាប់ពីជំនាន់ 9 ឡើង
– គួរបិទមុខងារ Call Waiting ក្នុង Settings -> Phone -> Call Waiting
– ថេរវេលានៃការថតសំឡេងអាចត្រូវបានដាក់កម្រិតដោយក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ
របៀបអនុវត្តន៍៖
១- ជាដំបូង សូមហៅទូរស័ព្ទទៅកាន់នរណាម្នាក់។
២- បន្ទាប់មក នៅពេលដៃគូសន្ទនាម្ខាងទៀតចុចទទួល សូមចុច Add Call លើកម្មវិធី Phone។
៣- បន្ទាប់មកទៀត សូមវាយបញ្ចូលលេខទូរស័ព្ទរបស់អ្នកដែលកំពុងប្រើប្រាស់នៅក្នុងការសន្ទនា រួចចុចបញ្ជូន។ ភ្លាមៗនោះ សេវាកម្ម Voicemail នឹងចាប់ដំណើរការ។
៤- ក្រោយពីសារស្វាគមន៍បន្លឺឡើង ហើយកម្មវិធី Visual Voicemail ចាប់ផ្តើមដំណើរការថតខ្សែអាត់សំឡេង សូមចុចលើប៊ូតុង Merge Calls លើកម្មវិធី Phone ដដែល។
៥- បន្ទាប់ពីចប់កិច្ចសន្ទនា សូមចុចលើ Voicemail នៅក្នុងកម្មវិធី Phone ហើយរង់ចាំរហូតដល់សំឡេងថតបង្ហាញឡើងជាសារសំឡេងមួយនៅលើផ្ទាំងកម្មវិធី។ ចំណាំៈ iPhone របស់អ្នកត្រូវភ្ជាប់បណ្តាញអ៊ីនធើណែត (3G ឬ 4G) ដើម្បីអាចទាញយកសារសំឡេងថតនោះមករក្សាទុកក្នុងទូរស័ព្ទ។
៦- សូមចុចលើសំឡេងសន្ទនាដែលបានថត រួចចុចលើប៊ូតុង Share។
៧- បន្ទាប់មក អ្នកអាចផ្ញើសារសំឡេងនោះទៅផ្ទុកក្នុងកម្មវិធីទូរស័ព្ទ ឬកុំព្យូទ័រ តាមរយៈកម្មវិធី Message, Email, Notes, Voice Memos, ឬ Dropbox ជាដើមបានហើយ៕
ប្រភពព័ត៌មាន៖ idownloadblog
មតិយោបល់