ព័ត៌មានសេដ្ឋកិច្ច

Minebea បន្ថែមទុន ២៥០លានដុល្លារ សាងសង់រោងចក្រ ៣ ផ្តល់ការងារ ២ម៉ឺនកន្លែង

មកទល់ពេលនេះ ក្រុមហ៊ុន Minebea ដែលចាប់ផ្តើមជាមួយដើមទុន ២៣លានដុល្លារអាមេរិក បានបន្ថែមទុនវិនិយោគជាង ២៥០លានដុល្លារអាមេរិក ក្នុងការសាងសង់រោងចក្រ ៣បន្ថែមទៀតនៅកម្ពុជា ដោយគ្រោងបន្ថែមបុគ្គលិកជាង ២ម៉ឺននាក់។ នេះបើយោងតាមគេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចេញផ្សាយនៅថ្ងៃនេះ។

ក្រុមហ៊ុន Minebea បានចាប់ផ្តើមដំណើរការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ តាំងពីឆ្នាំ ២០១១មកម្លេះ ដែលមានសកម្មភាពផលិតលើផ្ទៃដីជាង ២០ហិកតា និងមានកម្មករជាង ៥ពាន់នាក់ ហើយបានប្រារព្ធពិធីគម្រប់ខួប ៥ឆ្នាំ នៅថ្ងៃនេះផងដែរ។

ក្រុមហ៊ុន Minebea ក្រៅពីផលិតគ្រឿងម៉ាស៊ីនបង្គំខ្សែភ្លើង និងម៉ូទ័រ សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ក៏បានសហការជាមួយ NTT រួមគ្នាបង្កើតឲ្យមាន Smart City នៅក្នុងកម្ពុជា ដែលរៀបចំអំពូលបំភ្លឺផ្លូវ ជួយសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី នឹងកាត់បន្ថយការប្រើប្រាស់ឧស្ម័នកាបូនឌីអុកស៊ីតរហូតដល់ទៅ ៥០ភាគរយនៅក្នុងបរិស្ថានផងដែរ។

គួរបញ្ជាក់ដែរថា Minebea គឺជាក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសជប៉ុន ដែលមានរោងចក្រ ២ កំពុងដំណើរការនៅកម្ពុជា ហើយរោងចក្រមួយទៀត កំពុងសាងសង់៕

មតិយោបល់