ភ្នំពេញៈ សពបុរសម្នាក់ ត្រូវបានអ្នករើសអេតចាយ ប្រទះឃើញនៅក្នុងប្រឡាយទឹកស្អុយ ហើយ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោ៣និង១៥នាទីរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចប្រឡាយទឹកស្អុយ ផ្លូវបេតុង មុខសាលាវិទ្យាស្ថានអប់រំកាយ និងកីឡា ស្ថិតក្នុងក្រុម៣ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សូត្រ ប៊ុនធឿន ហៅហង្សង់ឌឿកភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ ជាងភ្លើងនៅក្នុងបុរី ប៉េង ហួត មានទីលំនៅភូមិកើតហេតុខាងលើ។
តាមប្រភពព័ត៌មានពីក្រុមគ្រួសារបានអះអាងថា កាលពីព្រឹកថ្ងៃទី៧ ខែធ្នូ ជនរងគ្រោះបានចេញពីផ្ទះទៅធ្វើការនៅក្នុងបុរី ប៉េង ហួត ដូចសពមួយដង ប៉ុន្តែនៅពេលល្ងាចពុំឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញទេ ហើយក្រុមគ្រួសារក៏បាននាំគ្នាដើររកគ្រប់ទីកន្លែងតែរកមិនឃើញសោះ។
ប្រភពពីអ្នកធ្វើការជាមួយគ្នាបានឲ្យដឹងថា កាលពីវេលាម៉ោ១១ថ្ងៃត្រង់ថ្ងៃទី៧ ខែធ្នូ ខ្លួនបានឃើញជនរងគ្រោះដើរតាមផ្លូវលេខ៥៩៨ (ហៅផ្លូវជាសុផារ៉ា) ដោយឃើញដៃជនរងគ្រោះមានរបួសប្រឡាក់ឈាម ហើយក៏បានហៅជនរងគ្រោះឲ្យឡើងជិះម៉ូតូជាមួយ តែជនរងគ្រោះមិនព្រមជិះ ហើយខ្លួនក៏បានជិះហួសទៅផ្ទះ ស្រាប់តែនៅវេលាម៉ោងខាងលើ ក៏បានប្រទះឃើញដេកស្លាប់នៅក្នុងប្រឡាយទឹកស្អុយតែម្តង។
ទាក់ទិននឹងការស្លាប់របស់ជនរងគ្រោះខាងលើ គេមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ប៉ុន្តែសមត្ថកិច្ចមូលដ្ឋានសន្និដ្ឋានថា ការស្លាក់នេះ ដោយសារតែលង់ទឹក។ ក្រោយមកសមត្ថកិច្ចបានធ្វើឯកសារប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន៕








មតិយោបល់