ព័ត៌មានជាតិ

សពជនជាតិអាមេរិកកាំង ដែលរអិលជើងធ្លាក់ចូលទន្លេក្បែរភោជនីយដ្ឋានទីតានិក រកឃើញហើយ

ភ្នំពេញ: បុរសជនជាតិអាមេរិកកាំងម្នាក់ ដែលបានរអិលជើងធ្លាក់ចូលទន្លេ កាលពីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦នៅចំណុចចំណតទូក ជាប់ភោជនីយដ្ឋានទីតានិក ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កន្លងទៅនេះ រហូតមកទល់យប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦នេះ ត្រូវបានគេប្រទះឃើញសាកសពជនរងគ្រោះអណ្តែតទៅទើនៅច្រាំងទន្លេក្បែរកោះពេជ្រ បង្កឲ្យមានការភ្ញាក់ផ្អើល។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សាកសពជនរងគ្រោះខាងលើនេះ មានឈ្មោះ Ken Kramre ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិអាមេរិក ស្នាក់នៅផ្ទះលេខ៣ ផ្លូវ១៧៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

បើតាមមិត្តភក្តិជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមិនបានផឹកគ្រឿងស្រវឹងបន្តិចណាឡើយ ហើយការដែលធ្លាក់ចូលទឹកនោះ ដោយសារមេឃភ្លៀង ស្របពេលគាត់ដើរចុះពីចំណត ក៏រអិលជើងធ្លាក់ចូលទឹកទន្លេបាត់ខ្លួនតែម្តង។

ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនិងនគរបាលជំនាញផ្នែកកោសល្យវិច្ឆ័យចុះមកធ្វើការស្រង់និងពិនិត្យសាកសពដល់កន្លែងកើតហេតុ និងបានធ្វើកំណត់ហេតុដឹកយកទៅតម្កល់ទុក រង់ចាំស្ថានទូតទំនាក់ទំនងទៅកាន់សាច់ញាតិមកទទួលយកទៅធ្វើបុណ្យនៅមាតុប្រទេសរបស់ខ្លួនវិញ៕

មតិយោបល់