ព័ត៌មានជាតិ

MSX បើកលឿនដូចហោះទៅបុកជញ្ជាំងថ្មដូចរន្ទះ ស្លាប់២នាក់យ៉ាងអាណោចអាធ័ម

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីយុវជន២នាក់ ជិះម៉ូតូឌុបគ្នាលឿនដូចហោះ លុះដល់ចំណុចផ្លូវកោងមិនបន្ថយល្បឿនក៏ជ្រុលឡើងលើខឿនចិញ្ចើមផ្លូវទៅបុកថ្ម រួចបន្តហោះទៅបុកជាមួយនឹងជញ្ជាំងថ្មយ៉ាងពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលស្លាប់ក្នុងថ្លុកឈាមទាំង២នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទី យប់ឈានចូលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ទល់មុខសាលាជាស៊ីម សាមគ្គី ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញក្រុមយុវជនខាងលើជិះម៉ូតូ៣គ្រឿង មានគ្នា៦នាក់ ធ្វើដំណើរតាមផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿនដូចហោះ លុះមកដល់ចំណុចផ្លូវកោងខាងមុខសាលា ជា ស៊ីម សាមគ្គី ដោយសារល្បឿនម៉ូតូលឿនម៉ាកMSX ដែលជិះឌុបគ្នាដោយយុវជន២នាក់ បូងចង្កូតមិនទាន់បើកឡើងទៅចិញ្ចើមផ្លូវ កាត់ត្រង់ទៅបុកដុំថ្ម រួចហួសទៅធ្លាក់ផ្លូវ បោកផ្ទប់ជាមួយជញ្ជាំងថ្មយ៉ាងពេញទំហឹង រងរបួសធ្ងន់ ស្លាប់ក្រោយពីបញ្ជូនតាមរថយន្ត សង្រ្គោះដឹកដល់មន្ទីរពេទ្យកាល់ម៉ែត្រ។

ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋានបានចុះមកធ្វើការពិនិត្យនិងវាស់វែង ដោយបាននាំយកម៉ូតូយកទៅរក្សាទុកនៅ ប៉ុស្តិ៍ស្ទឹងមានជ័យរង់ចាំសាច់ញាតិមកយក ។ចំណែកសាកសពជនរងគ្រោះទាំង២នាក់ខាងលើត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីស្វែងរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

//youtu.be/Rio8V8WSRms

មតិយោបល់