ព័ត៌មានជាតិ

ក្រុមចោរប្រដាប់អាវុធ៧នាក់ ចូលប្លន់ផ្ទះប្រជាពលរដ្ឋនៅស្រុកស្នួល

ក្រចេះ: ក្រុមចោរប្រដាប់ដោយអាវុធវែងខ្លីបានធ្វើសកម្មភាពចូលផ្ទះប្រជាពលរដ្ឋវាយម្ចាស់ផ្ទះ និងបាញ់ប្រហារប្លន់យកទ្រព្យសម្បត្តិកាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

អាវុធហត្ថស្រុកស្នួលបានឲ្យដឹងថា ករណីនេះបង្កដោយជនមិនស្គាល់អត្តសញ្ញាណចំនួន៧នាក់ប្រដាប់ដោយអាវុធខ្លីវែងគ្រប់ដៃបានធ្វើសកម្មភាពចូលក្នុងផ្ទះយកអាវុធខ្លីភ្ជង់ និងវាយជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ សួង ហុង ភេទស្រី អាយុ៤៦ឆ្នាំ ត្រូវក្រុមចោរវាយនិងអាវុធខ្លីត្រូវចំសៀតផ្កាខាងឆ្វេងរងរបួស ហើយក្រុមចោរទាំងនោះបានយកអាវចងកូនប្រុសជនរងគ្រោះឈ្មោះ តាំង វ៉ាន់ធី អាយុ១៦ឆ្នាំ ខណៈដែលពួកចោរកំពុងធ្វើសកម្មភាពប្លន់ប្ដីជនរងគ្រោះឈ្មោះ តាំង ម៉ានីអាយុ៤១ឆ្នាំបានជិះម៉ូតូមកដល់ផ្ទះ ត្រូវបានក្រុមចោរបាញ់១គ្រាប់តែខុស ហើយជនរងគ្រោះបានរត់រួច។

អាវុធហត្ថបានបន្តទៀតថា ក្រោយពីធ្វើខាងលើក្រុមចោរបានប្រមូលទ្រព្យសម្បត្តិរួមមាន ៖ ខ្សែដៃមាសចំនួន២តម្លឹង ក្រវិលផ្លាកទីន១ជីចិញ្ជៀនផ្លាកទីន១ជី ទូរស័ព្ទដៃចំនួន៣គ្រឿង និងលុយមួយចំនួនទៀត។

ក្រោយពីប្រមូលយកទ្រព្យសម្បត្តិ ក្រុមចោរទាំងនោះ រត់គេចខ្លួនដោយផ្លោះតាមរបងផ្ទះខាងក្រោយចេញទៅបាត់។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវកំណត់មុខសញ្ញា៕

មតិយោបល់