ព័ត៌មានជាតិ

ប្រជាពលរដ្ឋ រិះគន់មន្ទីរសាធារណការ ក្រុង ថា ទឹកលិចផ្ទះ និងផ្លូវយ៉ាងយូរ មិនអើពើសោះ លុះបង្ហោះតាម ហ្វេសប៊ុក ទើបមានមន្ត្រីមកមើល

ភ្នំពេញ: ប្រជាពលរដ្ឋ បានផ្អើលនាំគ្នារិះគន់ មន្ត្រីមន្ទីរសាធារណ:ការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ថា មិនបានយកចិត្តទុកដាក់ ចំពោះការរៀបចំ និងតភ្ជាប់ប្រព័ន្ធលូបង្ហូរទឹក នៅលើកំណាត់ផ្លូវ៣៣៦ ម្តុំផ្សារដើមគរ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដែលបណ្តាលឱ្យមានការលិចលង់ផ្លូវ និងផ្ទះប្រជាពលរដ្ឋ យ៉ាងយូរ។

ការរិះគន់ ត្រូវបានធ្វើឡើង តាមរយ:បណ្តាញសង្គម ហ្វេសប៊ុក និងតាមវិទ្យុទាន់ហេតុការណ៍ក្នុងស្រុកមួយ យ៉ាងផុសផុល ដោយពួកគាត់ បានសម្តែងការខកចិត្ត ចំពោះការប្រងើយកន្តើយ ក្នុងការអនុវត្តការងារ ដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋ ពីសំណាក់មន្ត្រីមន្ទីរសាធារណ:ការ និងដឹកជញ្ជូន រាជធានីភ្នំពេញ។

ប្រភពពីប្រជាពលរដ្ឋ បានថ្លែងថា មូលហេតុ ដែលបណ្ដាលឲ្យស្ទះលូបង្ហូរទឹក លិចផ្លូវ៣៣៦ សង្កាត់ផ្សារដើមគរ នេះដោយសារតែប្រព័ន្ធលូតូចពេក មិនបានតភ្ជាប់ ជាមួយប្រពន្ធ័លូធំ ដូច្នេះហើយ ទោះទឹកចង់ហូរ ក៏ហូរមិនកើតដែរ។ ប្រភពបន្តថា មន្ទីរសាធារណ:ការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានលូតូចៗពេក ដែលងាយនឹងកកស្ទះ ដោយសារ ដី និង សំរាម។ ទោះជាយ៉ាងណា នៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ នេះ គេឃើញមានក្រុមមន្ត្រី សាលាខណ្ឌទួលគោក ដែលដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌ បានចុះទៅជួយកាយដី និងបង្ហូរទឹកចូលលូដែរ ប៉ុន្តែមិនអាចដោះស្រាយបញ្ហានេះ បានល្អនោះទេ។

លោក ប៉ាង លីដា អភិបាលរង ខណ្ឌទួលគោក បានថ្លែងថា មន្ត្រីលោក គឺចុះមកនេះ ដើម្បីជួយសម្រួលការហូរទឹក បានតែមួយរយ:ប៉ុណ្ណោះ ប៉ុន្តែមិនអាចដោះស្រាយការងារនេះ បានជោគជ័យនោះទេ ព្រោះការងារនេះ វាពាក់ព័ន្ធនឹងប្រព័ន្ធលូ ដែលជាការទទួលខុសត្រូវរបស់អ្នកជំនាញ នៃមន្ទីសាធារណ:ការ និងដឹកជញ្ជូន រាជធានីភ្នំពេញ។ លោកបន្តថា នៅរសៀលនេះ ក៏មានមន្ត្រីមន្ទីសាធារណ:ការ និងដឹកជញ្ជូន រាជធានីភ្នំពេញ មកពិនិត្យមើលបញ្ហានេះ ផងដែរ។

គួររំឮកថា នៅក្នុងពិធីសម្ភោធ អគាររដ្ឋបាលថ្មី នៃសាលារាជធានីភ្នំពេញ នាពេលកន្លងទៅ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានព្រមានធ្ងន់ៗ លើលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណ:ការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ដែលធ្វើការងារ មិនយកចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ហើយពេលខ្លះ ធ្វើការងារមិនចេះគិតគូរ ដូចជា ការបណ្តែតបណ្តោយឱ្យផ្លូវខូច តាំងពីក្រលុកតូច រហូតធំ ធ្វើផ្លូវរួច បានកាយផ្លូវដាក់លូ និងសាងសង់ផ្លូវយឺតយ៉ាវ ដែលនាំឱ្យមានការរិះគន់តវ៉ា និងសម្តែងការមិនពេញចិត្ត ពីប្រជាពលរដ្ឋ ដោយរឿងនេះ ស្ទើរកើតមាន ជារៀងរាល់ថ្ងៃ៕

photo_2016-05-03_19-50-59

photo_2016-05-03_19-50-58

photo_2016-05-03_19-50-57

photo_2016-05-03_19-50-56

photo_2016-05-03_19-50-54

មតិយោបល់