កណ្តាលៈ បុរស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ក្រោយពីបើកម៉ូតូបុកជាមួយរថយន្តយ៉ាងពេញទំហឹង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទី យប់ឈានចូលថ្ងៃទី៩ ខែឆ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៣៧-៣៨ត្រង់ចំណុចផ្លូវកោង ស្ថិតនៅក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្តាល។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះទាំង៣នាក់ ជិះម៉ូតូម៉ាកស៊ុយសាគីលែត ឌុបគ្នាចេញពីភ្នំពេញទៅស្រុកកំណើត លុះមកដល់ត្រង់ចំណុចកើតហេតុ ម៉ូតូជនរងគ្រោះក៏រេចង្កូតទៅបុកជាមួយនឹងរថយន្តមួយគ្រឿងមិនចាំម៉ាក បើកចេញពីអ្នកលឿង មកភ្នំពេញក្នុងទិសដៅបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលស្លាប់២នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែករថយន្តបង្កបានបន្តល្បឿនបើករត់គេចខ្លួនបាត់ស្រមោល។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះទាំង៣នាក់ ទី១មានឈ្មោះ តក់ ភត្រា ភេទប្រុសអាយុ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិពញាលៀង ឃុំអង្គររាជ ស្រុកព្រះស្តេច ខេត្តព្រែវែងរងរបួសធ្ងន់ជាអ្នកជិះពីក្រោយ។ ទី២ឈ្មោះ នុត អាយុ១៨ឆ្នាំ ស្លាប់ ស្នាក់នៅភូមិឃុំជាមួយគ្នា ជាអ្នកបើកបរម៉ូតូ។ និងទី៣ឈ្មោះ សៅ ដាវី (ហៅឈុយ) អាយុ១៧ឆ្នាំស្លាប់ ស្នាក់នៅភូមិក្រសាំងទង ឃុំអង្គររា ជាមួយគ្នា។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែង និងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះនិងព្យាបាល ចំណែកសាកសពជនរងគ្រោះ២នាក់ ត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕









មតិយោបល់