ព័ត៌មានជាតិ

កាច់កម៉ូតូគេមិនសម្រេច ជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ: សមត្ថកិច្ចប៉ុស្តិ៍ផ្សារកណ្តាលទី១ បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ដែលកំពុងធ្វើសកម្មភាពកាច់ក ម៉ូតូតែមិនបានសម្រេច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៧ នៅតាមបណ្តោលផ្លូវលេខ៥ ក្នុងច្រកឌឿងហែម ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យខាងលើ មានឈ្មោះ សុខ សុវណ្ណបញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ ជាជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ម្តុំច្បារអំពៅ ហើយពីមុនមក ជនសង្ស័យធ្លាប់ជាប់គុកម្តងរួចមកហើយ។

តាមសម្តីសារភាពរបស់ជនសង្ស័យបានប្រាប់ឲ្យដឹងថា មុនពេលធ្វើសកម្មភាពខ្លួនបានដើរពីមាត់ទន្លេលុះមកដល់ចំណុចកើតហេតុខាងលើក៏បានធ្វើសកម្មភាពកាច់កម៉ូតូតែម្តង ប៉ុន្តែដោយម៉ូតូមានសភាពចាស់ពេកធាក់ក៏មិនឆេះមិនអីនោះ ក៏បណ្តើរបានតែជាង១០០ម៉ែត្រ ក៏ត្រូវបានម្ចាស់ម៉ូតូតាមទាន់ស្រែកឆោឡោឲ្យគេជួយទើបក្របួចចាប់បានតែម្តង ។

បច្ចុប្បន្នជនសង្ស័យជាជនជាតិវៀតណាម ខាងលើ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន សាកសួរនិងកសាងសំណុំរឿងបញ្ចូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់