ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ពីបទរក្សាទុកនូវសារធាតុញៀនខុសច្បាប់

កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកស្អាង ធ្វើការចាប់ខ្លួនពីបទរក្សាទុកនូវសារធាតុញៀនខុសច្បាប់ ក្រោយពីត្រួតពិនិត្យរកឃើញថ្នាំញៀននៅជាប់នឹងខ្លួន។ ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង១៥នាទី យប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនខាងលើនេះ មានឈ្មោះ រិត្តា គន្ធា ហៅឈីត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ ក្នុងនោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យថា សារធាតុញៀន(ម៉ាទឹកកក)ចំនួន៣កញ្ចប់តូច និង ទូរសព្ទដៃម៉ាកណូគា អិនចុចពិល ពណ៌ខ្មៅ មួយគ្រឿង។

មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល នៃអធិការដ្ថានគរបាលស្រុកស្អាង បានល្បាតតាមផ្លូវលំ ក្នុងភូមិព្រែកតាជ័រ ពេលនោះបានជួបប្រទះឃើញ ជនសង្ស័យខាងលើ ដោយមានការសង្ស័យសមត្ថកិច្ចបានឃាត់ឲ្យឈប់ដើម្បីត្រួតពិនិត្យរកឃើញថ្នាំញៀនប្រភេទម៉ាកទឹកកក ចំនួន០៣កញ្ចប់តូច ទើបធ្វើការចាប់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ រិត្តា គន្ធា ហៅ ឈីត បានសារភាពថា ខ្លួនបានទិញថ្នាំញៀនប្រភេទម៉ាកទឹកកក ចំនួន៣កញ្ចប់តូច ពីឈ្មោះ ហេង ហល ភេទប្រុស អាយុប្រហែល២៨ឆ្នាំ នៅភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង។ក្នុងតម្លៃ៩ម៉ឺនរៀល។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់