អាមេរិកៈ ឧត្តមសេនីយ៍ជើងទឹកចូលនិវត្តន៍ លោក John Kelly ត្រូវបានលោក Donald Trump ជ្រើសរើសឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងសន្តិសុខប្រទេស ដើម្បីទទួលខុសត្រូវខាងកម្ចាត់អំពើភេរវកម្មក្នុងប្រទេស និងការបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦។
ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក Donald Trump បានមានប្រសាសន៍ថា លោក Kelly ត្រូវបានតែងតាំងដោយសារតែជំនាញរបស់គាត់ ពាក់ព័ន្ធនឹងព្រំដែននៅប៉ែកនិរតីរវាងសហរដ្ឋអាមេរិក និងម៉ិកស៊ិក ដែលគោលបំណងនៃការតែងតាំងនេះ គឺដើម្បីដោះស្រាយបញ្ហាថ្នាំញៀនខុសច្បាប់ អំពើភេរវកម្ម និងការគំរាមកំហែងដល់សន្តិសុខប្រទេស។
សូមជំរាបថា កាលពីឆ្នាំ២០១០ លោកអនុសេនីយ៍ទោ Robert Kelly ដែលជាកូនប្រុសរបស់លោក Kelly ត្រូវបានគេសម្លាប់ ដោយការផ្ទុះគ្រាប់មីនមួយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ហេតុការណ៍នោះបានធ្វើឲ្យលោក Kelly ក្លាយទៅជាឧត្ដមសេនីយ៍អាមេរិកដែលមានឋានៈខ្ពស់ជាងគេបំផុត បន្ទាប់ពីបានបាត់បង់កូនក្នុងសង្គ្រាម នៅប្រទេសអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់៕
មតិយោបល់