ព័ត៌មានជាតិ

យកថ្នាំញៀនទៅផ្ញើប្តីក្នុងគុក ត្រូវសមត្ថកិច្ចចាប់បាន

ភ្នំពេញៈ ស្រ្តីម្នាក់ ត្រូវបានអ្នកយាមគុកព្រៃស(ម២)ឃាត់ខ្លួនភ្លាមៗ ដោយរកឃើញថ្នាំញៀននៅក្នុងកាបូប ខណៈពេលដែលស្រ្តីរូបនេះបានមកសួរសុខទុកប្តីរបស់ខ្លួននៅពន្ធនាគារព្រៃស កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចគុកព្រៃស(ម២)។

ប្រភពព័ត៌មានពីមន្រ្តីពន្ធនាគារព្រៃសបានឲ្យដឹងថា ដោយមានការសង្ស័យទៅលើស្រ្តីខាងលើនេះ ទើបកម្លាំងយាមច្រកចេញចូលសុំធ្វើការឆែកកាបូបស្ពាយ ហើយក៏បានរកឃើញថ្នាំញៀនសថ្លា១កញ្ចប់តូច ដែលលាក់ទុកក្នុងស្រោមសំបុត្រ ទើបមន្រ្តីពន្ធនាគារចាប់ប្រគល់ខ្លួនឲ្យនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោរតែម្តង។ ប្រភពដដែលបានបន្តថា ជនសង្ស័យខាងលើមានឈ្មោះ ជា សុវណ្ណរ៉ា អាយុ២៥ឆ្នាំ មុខរបរអ្នកបំរើនៅណាហ្គា ស្នាក់នៅផ្ទះជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោរដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់