រតនគិរីៈ មុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងបានលុងធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្ទះសំណាក់ពន្លឺពេជ្រ និយាមកាម១៤.៥៩៩ និងនិយាមកាម១៨.៥៥៨ ស្ថិតក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ប្រតិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការកងរាជអាវុធហត្ថក្រុងបានលុង ដោយមានការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី។
ជនសង្ស័យ ដែលកម្លាំងកងរាជអាវុធឃាត់ខ្លួននោះ មានឈ្មោះ ហ៊ុន វណ្ណៈ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្ថិតនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ក្រោយពីឃាត់ខ្លួន កម្លាំងបានដកហូតម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកកមួយកញ្ចប់ធំទម្ងន់៣,៤៥ក្រាម) ទូរសព្ទដៃម៉ាក Iphone4 ពណ៌ខ្មៅ១គ្រឿង ម៉ូតូវ៉េវពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខរតនគិរី 1B-3283 ១គ្រឿង ព្រមទាំងសម្ភារៈវេចខ្ចប់ និងប្រដាប់សេពគ្រឿងញៀនមួយចំនួនផងដែរ។
បច្ចុប្បន្នជនសង្ស័យខាងលើនេះ កំពុងឃាត់ខ្លួននៅការិយាល័យគ្រឿងញៀននៃបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការទៅតាមនីតិវិធីច្បាប់៕



មតិយោបល់