ព័ត៌មានជាតិ

សិស្សសាលាម្នាក់ សាកល្បឿនកម្លាំងម៉ូតូសង់ស៊េរីឆ្នាំ២០១៩ បោលទៅបុកម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយ បាក់ជើងម្ខាង

ភ្នំពេញ: យុវជនម្នាក់ជិះម៉ូតូលឿនដូចហោះ ជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉ក់ពីក្រោយ បណ្តាលឲ្យដួលបាក់ជើងខាងស្តាំម្ខាង។ ចំណែកឯម៉ូតូរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ត្រង់ចំណោតចុះស្ពានក្រោមដីស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុចរាចរណ៍កំពុងមានការកកស្ទះយ៉ាងខ្លាំង នៅពេលដែលយុវជនខាងលើផុតពីកន្លែងស្ទះ ក៏បានបោះពួយម៉ូតូយ៉ាងលឿន ជ្រុលទៅបុកនឹងម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយ បណ្តាលឲ្យដួលបាក់ជើងខាងឆ្វេងតែម្តង ហើយត្រូវបានរថយន្តមន្ទីរពេទ្យគ្លីនិច សួគ៌ា ដឹកយកទៅសង្គ្រោះបន្ទាន់។

យុវជនខាងលើមិនបានស្គាល់អត្តសញ្ញាណទេគ្រាន់តែដឹងថាជាសិស្ស ផ្ទះនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1HJ-4935 ធ្វើដំណើរម្នាក់ឯងក្នុងទិសដៅពីត្បូងទៅជើង ចំណែកម៉ុតូសណ្តោងរ៉ឺម៉កស្របគ្នា។

ក្រោយពេលកើតហេតុមិនមានវត្តមានសមត្ថកិច្ចមូលដ្ឋានទេ ដោយសារម្ចាស់ម៉ូតូសណ្តោងរ៉ឺម៉ក់ និងសាច់ញាតិបងប្អូនរបស់យុវជនរងគ្រោះ ជាអ្នកស្គាល់គ្នា ៕

មតិយោបល់