ព័ត៌មានជាតិ

ស្ងាត់ៗ! បុគ្គលិកកាស៊ីណូ អូសក្មេងស្រីទៅរំលោភ បាន២ដងទាំងព្រឹក

ប៉ៃលិនៈ ស្ថិតនៅក្នុងស្ថានភាពស្ងប់ស្ងាត់ល្អ បុរសជាបុគ្គលិកកាស៊ីណូម្នាក់ បានឆ្មក់ឱកាសចាប់អូសក្មេងស្រីម្នាក់ ដែលរស់នៅភូមិឃុំជាមួយគ្នា ទៅរំលោភរហូតបានសម្រេចចំនួន២ដង នាវេលាម៉ោងជាង៥ទៀបភ្លឺ។ ប៉ុន្តែយ៉ាងក្ដី ជនល្មើសមិនអាចគេចខ្លួនពីសំណាញ់ច្បាប់បានឡើយ ព្រោះត្រូវសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តប៉ៃលិន ឃាត់ខ្លួនកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ។

អនុសេនីយ៍​ទោ វ៉​ន វាសនា មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ឲ្យដឹងនៅព្រឹកនេះថា ក្រោយទទួលបានពាក្យបណ្ដឹងពីករណីរំលោភសេពសន្ធវៈ សមត្ថកិច្ចជំនាញបានបើកការស៊ើបអង្កេតរហូតឃាត់ខ្លួនជនសង្ស័យឈ្មោះ ឆិល សុខឃា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាបុគ្គលិកកាស៊ីណូម្កុដពេជ្រ ស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ចំណែកជនរងគ្រោះឈ្មោះ វ.ស.ច អាយុ១៧ឆ្នាំ មានមុខរបរជាបុគ្គិលកាស៊ីណូដូចគ្នា និងរស់នៅភូមិឃុំជាមួយគ្នា។

បើតាមលោក វ៉ន វាសនា បានបញ្ជាក់ថា ករណីរំលោភសេពសន្ធវៈនេះ បានកើតឡើងតាំងពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៥៖២០នាទីទៀបភ្លឺ ដោយជនសង្ស័យបានជិះម៉ូតូឌុបក្មេងស្រីរងគ្រោះទៅភូមិដីថ្មី ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលជាកន្លែងស្ងាត់ រួចក៏បានធ្វើសកម្មភាពចាប់រំលោភរហូតសម្រេចចំនួន២ដង។ បច្ចុប្បន្នជនសង្ស័យ ឆិល សុខឃា កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕

មតិយោបល់