ព័ត៌មានជាតិ

អាងស្លាកលេខ ខ.ម ដឹកឈើប្រណីតត្រូវបានអាវុធហត្ថចាប់បកស្បែក ទើបដឹងការពិត

ស្ទឹងត្រែង: រថយន្តឡង់គ្រឺស័រមួយគ្រឿង ប្រើប្រាស់ស្លាកលេខ ខ.ម ដឹកឈើប្រណីត ត្រូវបានកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ធ្វើការចាប់បង្ក្រាបបានកាលពីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

អាវុធហត្ថបានឲ្យដឹងថា បន្ទាប់ពីឃាត់រថយន្តខាងលើនោះរួចមក កម្លាំងអាវុធហត្ថបានបន្តឃាត់ខ្លួនបុរសម្នាក់ ដែលជាតៃកុងរថយន្ត ដែលមានឈ្មោះ វង្ស វ៉ា រស់នៅភូមិអូរល្មៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

ប្រភពដដែលបន្តថា ក្រោយពីឃាត់រថយន្តដឹកឈើខាងលើអាវុធហត្ថ បានបើកការស៊ើបអង្កេតរកឃើញថា ស្លាកលេខ ខ.ម ដែលរថយន្តដឹកបទល្មើសខាងលើប្រើប្រាស់នោះ គឺជាស្លាកលេខក្លែងក្លាយ។

បច្ចុប្បន្ន រថយន្តដឹកឈើខាងលើ ត្រូវបានអាវុធហត្ថធ្វើការប្រគល់ជូនជំនាញដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់