ព័ត៌មានជាតិ

មន្ទីរប្រឆាំងគ្រឿងញៀន(ក៨) ចុះបង្ក្រាបទីតាំងជួញដូរមួយកន្លែង

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន(ក៨) នៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ និងមានការសម្របសម្រួលដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបទីជួញដូរគ្រឿងញៀនមួយកន្លែង កាលពីវេលាម៉ោង៥ និង១០នាទីល្ងាច ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះលើទឹក ខាងក្រោយបេនឡាន មេគង្គរូយ៉ាល់ ក្រុម១១ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ទី១ឈ្មោះ លៀង យ៉ុង ភេទស្រី អាយុ ៤៣ឆ្នាំ។ ទី២ឈ្មោះ ឡុង ស្រីមុំ ភេទស្រី អាយុ១៦ឆ្នាំ បច្ចុប្បន្នអ្នកទាំង២នាក់ មានមុខរបរធ្វើក្រចក និងស្នាក់នៅកន្លែងកើតហេតុខាងលើ និងជនសង្ស័យទី៣មិនត្រូវបានស្គាល់ឈ្មោះនោះឡើយ។ ក្នុងនោះដែរសមត្ថកិច្ចធ្វើការដកហូតបាន ម្សៅក្រាមពណ៌(ស)ថ្លាចំនួន ៦ជី ប្រភេទ ម៉ាទឹកកក ជញ្ជីងថ្លឹងចំនួន ១គ្រឿង និងឧបករណ៍សម្រាប់ច្រកចូលថង់មួយចំនួន។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវ និងចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ហើយកម្លាំងសមត្ថកិច្ចបានបន្តទៅស្រាវជ្រាវទីតាំងមួយកន្លែងទៀត ដែលនៅចំណុចផ្ទះលើទឹក ស្ថិតនៅក្នុងក្រុម១១ ភូមិផ្សារតូច សង្កាត់ទួលសង្កែ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ទៀត ព្រមទាំងបានដកហូតបានម្សៅក្រាមពណ៌(ស)ថ្លាចំនួន ៦ជី ជាប្រភេទ ម៉ាទឹកកក ហើយសមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យទាំង ៣នាក់ទៅកាន់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៨) នៃក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរបន្ត។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៨) នៃក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕

https://youtu.be/3Ike696oJl0

មតិយោបល់