ព័ត៌មានសិល្បៈ និងកម្សាន្ត

ទេព រិន្ទដារ៉ូ ឡើងឈាម ដោយសារសម្ដីប៉ុន្មានម៉ាត់

សម្ដីប៉ុន្មានម៉ាត់របស់វិរៈសិល្បការិនីមួយរូប នៅក្នុងព្រឹត្តិការណ៍ Apsara Award ត្រូវគេកត់សម្គាល់ថា សឹងនឹងធ្វើឲ្យលោកទេព រិន្ទដារ៉ូ ឡើងឈាមចង់ស្ទះ ដោយសារតែអ្វីដែលបានលើកឡើង គឺជាអ្វីដែលលោកមិនចង់ជឿត្រចៀក។ សម្ដីទាំងនោះក៏ចាក់ដោតត្រូវចំបេះដូងរបស់លោក ធ្វើឲ្យលោករំភើបចង់ហោះក្រោយពេលបានឮផងដែរ។

នៅក្នុងព្រឹត្តិការណ៍ Apsara Award អ្នកស្រីសាក់សាកេត មយូរ៉ា ដែលជាអតីតតារាសម្ដែង ពិធីការិនី និងជាផលិតករ បានប្រកាសនៅលើឆាកថា ក្នុងចំណោមតារាសិល្បៈទាំងអស់ មានតែលោកទេព រិន្ទដារ៉ូ ម្នាក់ប៉ុណ្ណោះ ដែលអ្នកស្រីយល់ថា ជាតារាគោរពបាននូវពេលវេលាបានល្អជាងគេ ជាតារាមិនប្រកាន់ឫក និងមិនចូលចិត្តប្រកាន់ច្រើន ដោយចេះបន់បែនតាមស្ថានការណ៍ជាក់ស្ដែង។ អ្នកស្រីបានផ្ដល់រហស្សនាមឲ្យលោក នៅលើវេទិកាថាជាតារាអមតៈ ទាំងភាពល្បីល្បាញ និងទីផ្សារសម្ដែង ដោយសារតែសម្អាងថា ជាតារាមានទេពកោសល្យខ្ពស់ ចេះដាក់ខ្លួនយ៉ាងកម្រ និងគោរពពេលវេលាបានល្អ។ អ្នកស្រីនិយាយថា «ដល់ពេលឡើងប្រកាសពានដល់អ្នកគោរពពេលវេលាបានល្អចឹង ខ្ញុំនឹកដល់ប្អូនរ៉ូភ្លាម ព្រោះតាំងពីខ្ញុំស្គាល់គាត់ធ្លាប់ធ្វើការជាមួយគាត់ គឺមិនដែលថាគាត់មក យឺតឬក្រឡុកការងារអីទេ ខ្ញុំមិនទាន់ទៅដល់ផង (កន្លែងថត)រ៉ូទៅចងអង្រឹងនៅហ្នឹង មុនបាត់ហើយ! នេះជាអ្វីដែលរ៉ូនៅតែល្បី ហើយអ្វីដែលខ្ញុំសរសើរមួយទៀត គឺរ៉ូអត់ចេះប្រកាន់ខ្លួនទេចង់អ្នកណាក៏គាត់រាក់ទាក់ អ្នកណាក៏គាត់ស្និទ្ធិស្នាល សូម្បីតែអ្នកលើកក្ដារក៏ចូលចិត្តរ៉ូដែរ អត់ដែលមានឮអ្នកណាថា ពិបាកធ្វើការជាមួយរ៉ូទេ។ ក្នុងវិស័យភាពយន្តអ្នកណាក៏សំខាន់ដែរ ព្រោះបើអត់អ្នកលើកក្ដារក៏យើងអត់ល្បី! ត្រង់ហ្នឹងហើយដែលខ្ញុំហ៊ាននិយាយថារ៉ូជាតារាសម្ដែងអមតៈ!»។ អ្នកស្រីថាលក្ខណៈពិសេសយ៉ាងកម្ររបស់លោកទេព រិន្ទដារ៉ូ បានជួយឲ្យលោកនៅតែមានទីផ្សារនៅក្នុងវិស័យសិល្បៈ ដោយអ្នកស្រីថាលោកនឹងមានទីផ្សារជាអមតៈ ព្រោះតែមានចំណុចមិនឆ្មើងឆ្មៃ ចេះដាក់ខ្លួន និងមិនដែលយឺតយ៉ាវ ពេលវេលាក្នុងណាត់ជួបការងារ។

ការប្រកាសដាក់ក្បាលមេក្រូរបស់អ្នកស្រីសាក់សាកេត មយូរ៉ា លោកទេព រិន្ទដារ៉ូ បានសារភាពថាសឹងនឹងធ្វើឲ្យលោកឡើង ឈាមបុកស្ទះបេះដូង ដោយសារតែអរនឹងការសរសើរ ជាសាធារណៈនោះ។ លោកថាអ្វីដែលលោកប្រឹងប្រែង លោកចង់បានតែសម្ដីប៉ុន្មានម៉ាត់នឹងគត់ ដោយលោកបានចាត់ទុកថា សម្ដីរបស់អ្នកស្រីមានតម្លៃលើសលប់ចំពោះខ្លួន ដោយសារតែអ្នកស្រីឡើង ប្រកាសដាក់ក្បាលមេក្រូ ក្នុងពេលប្រគល់ពាន Apsara Award ដែលមានគណប្រតិភូជាន់ខ្ពស់ និងតារាសិល្បៈកុះករចូលរួម។ លោកថាខ្លួនជាមនុស្សមិនចូលចិត្ត ឲ្យក្រុមការងាររង់ចាំលោកនោះទេ ហើយលោកក៏មិនដែលនឹងចាត់ទុកថា តារាណាម្នាក់ ឬក្រុមការងារណាម្នាក់ តូចទាបជាងខ្លួននោះដែរ ទើបលោកអាចចុះសម្រុងការងារ ជាមួយផលិតករគ្រប់រូបដោយមិនមានបញ្ហា។ លោកថាបើកន្លែងចូលចិត្តបញ្ហានោះ លោកនឹងធ្វើជាអ្នកសម្របតាម ដោយមិនប្រឆាំងចង់ឈ្នះចង់ចាញ់នោះទេ ទើបពីដើមមកទល់ពេលនេះ គឺលោកមិនធ្លាប់មានដំណឹងឈ្លោះគ្នា ឬអន់ចិត្តជាមួយអ្នកណា។ លោកថាតារាសិល្បៈសំខាន់ជាងគេ គឺការយោគយល់ ការស្រឡាញ់ និងការគោរពពេលវេលា ចំណែកទេពកោសល្យគ្រាន់តែជាផ្អែកទី៣ ដែលជួយឲ្យតារាម្នាក់ៗឈរជើង បានយូរក្នុងសិល្បៈប៉ុណ្ណោះ។ អ៊ីចឹងហើយទើបលោករំភើប ដូចមនុស្សឡើងឈាមរត់បញ្ច្រាសបេះដូង បន្ទាប់ពីឮសម្ដីប៉ុន្មានម៉ាត់របស់ អ្នកស្រី សាក់សាកេត មយូរ៉ា៕

មតិយោបល់