ព័ត៌មានជាតិ

មុខសញ្ញាកាច់កម៉ូតូ២នាក់ ចូលទិញថ្នាំញៀន ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញៈ ជនសង្ស័យ២នាក់ជាមុខសញ្ញាកាច់កម៉ូតូយ៉ាងសកម្មត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ និងប្រជាការពារសង្កាត់ឫស្សីកែវ ធ្វើការឃាត់ខ្លួន និងដកហូតបានម៉ូតូ២គ្រឿង កាលពីវេលាម៉ោង ១២និង១០នាទីយប់រំលង់អធ្រាត្រឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចគល់អង្គតែងទូរទស្សន៍ជាតិកម្ពុជា ក្រុម៣ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ទី១-ឈ្មោះ ជិន ស៊ីណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសែនសុខ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី២-ឈ្មោះ ងិន សុភ័ណ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនិងស្នាក់នៅ មិនពិតប្រាកដ ជិះម៉ូតូ ១គ្រឿង ម៉ាកស៊ុយសាគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1O-2436 រីឯម៉ូតូដែលពួកគេកាច់កនោះម៉ាក ហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1F-9485 ដោយគេមិនដឹងថា ជនសង្ស័យទាំង ២នាក់ខាងលើនេះ ធ្វើសកម្មភាពកាច់កយកមកពីម្តុំណាទេ ហើយក៏មិនឃើញមានជនរងគ្រោះជាម្ចាស់ម៉ូតូខាងលើបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទួលសង្កែនៅឡើយទេ។

សមត្ថកិច្ចបានបន្តថា ខណៈពេលដែលកម្លាំងខណ្ឌ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ និងប្រជាការពារសង្កាត់ឫស្សីកែវ កំពុងល្បាតនៅក្នុងមូលដ្ឋាន ស្រាប់តែបានប្រទះឃើញជនសង្ស័យ ២នាក់កំពុងឈរទិញថ្នាំញៀននៅកន្លែងកើតហេតុខាងលើ នៅពេលឃើញសមត្ថកិច្ចទៅដល់ទីនោះ ជនសង្ស័យទាំង២នាក់បានរត់ចោលម៉ូតូយ៉ាងលឿនចេញភ្លាមៗ ដោយទំលាក់ប្រដាប់សោរកាច់កអក្សរតេចោលនៅក្បែរនោះ តែត្រូវបានកម្លាំងសមត្ថកិច្ចដេញចាប់បានទាំង២នាក់តែម្តង។

សមត្ថកិច្ចបានបន្តទៀតថា នៅក្នុងហេតុការណ៍នេះដែរ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងម៉ូតូ២គ្រឿង ដោយ១គ្រឿងជារបស់ជនសង្ស័យដែលក្នុងនោះ សមត្ថកិច្ចបានរកឃើញសម្ភារៈធ្វើសកម្មភាពមានសោអក្សតេចំនួន២គ្រាប់ ទុឡឺវីសចំនួន២ កូនសោចំនួន ៦។

ក្រោយកើតហេតុជនសង្ស័យទាំង ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួននាំមកប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីសាកសួរបន្ត និងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕

មតិយោបល់