ព័ត៌មានជាតិ

ស្រុកអង្គស្នួល ខេត្តកណ្ដាល ដាច់ភ្លើងតាំងពីម៉ោងជាង៣យប់

ភ្នំពេញៈ គិតមកត្រឹមម៉ោង៧ព្រឹកនេះ នៅមិនទាន់មានការបញ្ជាក់ពីករណីដាច់ភ្លើងនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិមួយចំនួន ស្រុកអង្គស្នួល ខេត្តកណ្ដាល ថា ពលរដ្ឋអាចមានភ្លើងប្រើប្រាស់ឡើងវិញ ឬនៅ។ យ៉ាងណា បើតាមអគ្គិសនីកម្ពុជាបញ្ជាក់មុននេះ មានករណីដាច់ភ្លើងតាំងពីម៉ោងជាង៣។

អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៣និង២៦ទៀបភ្លឺ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥ (GS5-F2) ដែលបណ្តាលឲ្យដាច់ចរន្តនៅទីតាំងមួយចំនួនស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ផ្លូវប្រទះឡាង ភូមិត្រពាំងជូន ភូមិស្វាយជ្រំ ភូមិត្រពាំងក្រពើ ភូមិអូរអណ្តូង ភូមិត្រពាំងប្រុយ ឃុំបែកចាន ឃុំឆក់ឈើនាង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ករណីដាច់ភ្លើងនេះ មូលហេតុបណ្តាលមកពីមានកំហូចខ្សែបណ្តាញអាកាសតង់ស្យុងមធ្យម(MV) ហើយបច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងធ្វើការពិនិត្យ និងជួសជុលដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕

មតិយោបល់