ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួន៣នាក់ម្តាយកូន ដកហូតថ្នាំញៀនជាង១០កញ្ចប់

បាត់ដំបងៈ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលស្រុកថ្មគោល ធ្វើការចាប់ឃាត់ខ្លួនពីបទចែកចាយគ្រឿងញៀន ដោយធ្វើការដកហូតបានថ្នាំញៀនចំនួន១៤កញ្ចប់តូច។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុច ក្រុមទី២៣ ភូមិថ្មគោលជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

ជនសង្ស័យទាំង៣នាក់ ទី១មានឈ្មោះ ឈាង ទ្រី ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិឃុំខាងលើ (ជាកូន)។ ទី២ឈ្មោះ ឈាង រិទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិឃុំខាងលើ(ជាកូន) និងជនសង្ស័យទី៣ឈ្មោះ អ៊ុក បូរ៉ា ភេទស្រី អាយុ៥៥ឆ្នាំ (ជាម្តាយ)។ ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបានវត្ថុតាងរួមមាន ថ្នាំញៀនចំនួន១៤កូនថង់តូច,ដែកកេះចំនួន៣,ក្រដាសចាំង១សន្លឹក,បំពង់បឺត៨,អំពូលទែម៉ូម៉ែត្រ១,ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួនធំ,ទូរសព្ទចំនួន៤គ្រឿង,ដាវស៊ាំម៉ូរ៉ៃចំនួន២,ខ្សែក្រវ៉ាត់ក្បាលកាំបិត១។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ម្តាយកូន រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីកសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់