ព័ត៌មានជាតិ

បើកមិនប្រកាន់ស្តាំ បុកគ្នាលាន់ដូចរន្ទះ បណ្តាលឲ្យស្លាប់ម្នាក់ ២នាក់ទៀតរងរបួសធ្ងន់និងស្រាល

ស្វាយរៀង: បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់និងស្រាល ខណ:ដែលជួបគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនិងម៉ូតូដោយសារការបើកបរមិនប្រកាន់ស្តាំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី ១២ ខែឆ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវក្រាលកៅស៊ូលេខ៣៧១ ស្ថិតនៅក្នុងភូមិខ្ជាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះ ជិះម៉ូតូមួយគ្រឿងម៉ាក វ៉េវ អេស ពណ៌ខ្មៅ លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CW-7324 បើកបរពីទិសដៅពីត្បូង ទៅជើងលុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃបណ្តាលឲ្យបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1I-4994 បើកបរដោយឈ្មោះ សៅ សុភ័ត្រ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិត្រពាំងគ្រួស ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង រងរបួសធ្ងន់ (ពាក់មួកសុវត្តិភាព) មានឌុបគ្នា ម្នាក់ដែលមានឈ្មោះ គង់ សារ៉េន ភេទ ប្រុស អាយុ៣០ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិអណ្តូងក្រសាំង ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង រងរបួសស្រាល (ពាក់មួកសុវត្តិភាពជាអ្នករួមដំណើរ) ទិសដៅពីជើងទៅត្បូងបញ្ច្រាសទិសគ្នា ក៏បុកគ្នាចំពីមុខពេញទំហឹងតែម្តង។

ហើយបើតាមសមត្ថកិច្ចស្រុកស្វាយទាបបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ នួន ខ្វី ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិទួលអំពិល ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង។

ក្រោយពីកើតហេតុភ្លាមៗសមត្ថកិច្ចចរាចរណ៍ស្រុកស្វាយទាបចុះដល់កន្លែងកើតហេតុធ្វើការវាស់វែងនិងបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្វាយរៀង រីឯមធ្យោបាយទាំង២ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំរមាំងថ្កោលរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់