ព័ត៌មានជាតិ

នៅក្មេងណាស់! បើកម៉ូតូប្រណាំងគ្នាប៉ះដៃចង្កូតដួលរបួសធ្ងន់ស្រាល២នាក់

បន្ទាយមានជ័យ: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញបណ្តាញសង្គម បានឲ្យដឹងថាក្មេងប្រុស២នាក់បើកម៉ូតូប្រជែងគ្នាបង្កឲ្យមានគ្រោះថ្នាក់ ម្នាក់របួសធ្ងន់ និងម្នាក់របួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចប្រឡាយចិន ខាងត្បូងភូមិថ្មី ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបានឲ្យដឹងថា ៖ ក្មេងប្រុសម្នាក់ឈ្មោះ ចៃ យ៉ង អាយុ១៤ឆ្នាំ បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ 1P 5057 របួសស្រាល និងម្នាក់ទៀតឈ្មោះ សឿន តង់ ភេទប្រុស អាយុ១៤ឆ្នាំ បើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០០០ ពណ៌ក្រហម គ្មានស្លាកលេខ បាក់ជើងខាងស្តាំ ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យ។ ក្មេងទាំង២នាក់នេះ នៅភូមិថ្មី ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ប្រភពដដែលបានបញ្ជាក់ថា ៖ នៅមុនពេលកើតហេតុ ក្មេងប្រុសទាំង២នាក់ បានបើកម៉ូតូប្រណាំងជែងគ្នានិងប៉ះដៃចង្កូត ទើបបង្កឲ្យកើតមានគ្រោះថ្នាក់តែម្តង ។ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ វត្ថុតាងត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំណាំតៅ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក ដោះស្រាយនៅពេលក្រោយ៕

 

មតិយោបល់