ភ្នំពេញៈ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក សំ សារ៉ាវុធ នាយករងរដ្ឋបាលសាលាខណ្ឌ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ បានចុះទៅធ្វើការវាស់វែងដីទំនាស់មួយកន្លែងនៅភូមិថ្មគោល សង្កាត់ចោមចៅ ។
ការចុះវាស់វែងនេះធ្វើឡើងដោយតបតាមលិខិតស្នើសុំរបស់លោក សំរិទ្ធ សុផល ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាឧទ្ធរណ៍ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ដែលសុំឲ្យអាជ្ញាមូលដ្ឋានពាក់ព័ន្ធចុះទៅវាស់វែងដីទំនាស់ ទំហំ ១០ម៉ែត្រ គុណនឹង ៤០ម៉ែត្រ នៅចំណុចភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយមានដើមចោទឈ្មោះ ឈុន លីន និងឈ្មោះ ទែន លីនី និងមានចុងចម្លើយឈ្មោះ ឃី ជឺ និងឈ្មោះ លឹម ណាត ដើម្បីប្រមូលព័ត៌មាន និងរកឲ្យឃើញថាតើដីទំនាស់ខាងលើនេះ មានការត្រួតស៊ីគ្នា ឬដាច់ដោយឡែក ឬមានពាក់ព័ន្ធគ្នាដែរឬទេ មុនពេលដែលតុលាការសម្រេចចេញសាលក្រមទទួលស្គាល់ភាគីណាមួយជាម្ចាស់កម្មសិទ្ធិលើដីទំនាស់ខាងលើ។
ភាគីចុងចោទឈ្មោះ ឃី ជឺ និងឈ្មោះ លឹម ណាត បានអះអាងថា ខ្លួនជាម្ចាស់កម្មសិទ្ធិលើដីទំហំ ២៥ម៉ែត្រ គុណនឹង ៧៣ម៉ែត្រ និងបានចោទថាភាគីដើមចោទឈ្មោះ ឈុន លី និងឈ្មោះ ទែន លីនី បានលួចធ្វើប្លង់កាន់កាប់បំពានជាន់លើប្លង់ដីរបស់ខ្លួនដោយខុសច្បាប់។
ដោយឡែកភាគីដើមចោទឈ្មោះ ឈុន លី និងឈ្មោះ ទែន លីនី បានថ្លែងថា ខ្លួនជាម្ចាស់កម្មសិទ្ធិលើដីទំនាស់ទំហំ ១០ម៉ែត្រ គុណនឹង ៤០ម៉ែត្រ នេះដោយសារខ្លួនបានទិញដីនេះពីឈ្មោះ ប្រាក់ នន ស្របច្បាប់តាំងពីឆ្នាំ២០០៥មកម្ល៉េះ៕
https://youtu.be/U71MWtrrGTo
មតិយោបល់