ភ្នំពេញៈ កម្លាំងចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហកាជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនជនបរទេសចំនួន៣នាក់ ក្នុងនោះស្រីម្នាក់ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នៅត្រង់ចំណុចភូមិបឹងសាឡាង ផ្លូវបេតុង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រុមប្រតិបត្តិការចម្រុះបានត្រួតពិនិត្យឃើញមានជនបរទេសចំនួន៣នាក់ ក្នុងនោះមានស្រី១នាក់ ជាជនជាតិវៀតណាម មានកាន់ឯកសារអ៣ ចំនួន១ច្បាប់ និងសៀវភៅស្នាក់នៅ១ក្បាល សំបុត្រកំណើត៣ច្បាប់ អត្តសញ្ញាណប័ណ្ណវៀតណាម១ច្បាប់។
សមត្ថកិច្ចបញ្ជាក់ថា ករណីនេះ សមត្ថកិច្ចបានបញ្ជូនខ្លួនជនបរទេសទាំង៣នាក់មកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពីបទលួចឆ្លងដែនដោយខុសច្បាប់ បើមុខរបរជាងឈើ និងលក់កាហ្វេ ដើម្បីអនុវត្តតាមច្បាប់អន្តោប្រវេសន៍ និងរៀបចំឯកសារបញ្ជូនជនបរទេសខាងលើចេញពីព្រះរាជាណាចក្រកម្ពុជា៕
មតិយោបល់