ព័ត៌មានជាតិ

អធិការស្រុកកោះធំ ៖ កូនចៅរបស់អតីតយុទ្ធជននឹងទទួលបានការឧបត្ថម និងអាហាររូបករណ៍ ដើម្បីបន្តការសិក្សា

កណ្តាលៈ លោកវរសេនីយ៍ ឈឿន ប៊ុនឆន អធិការស្រុកកោះធំ បានថ្លែងថា មិនត្រូវបណ្តោយឱ្យកូនចៅបោះបង់ការសិក្សានោះទេ ប្រសិនជាគ្មានលទ្ធភាពខ្ញុំនឹងផ្តល់អាហាររូបករណ៍ និងឧបត្ថមចំពោះការសិក្សារ ព្រោះបើកូនមានចំណេះទើបអាចជួយឱ្យជីវភាពបងប្អូនរស់នៅបានសមរម្យ។

លោកវរសេនីយន៍ទោ ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំ និងជាប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា ស្រុកកោះធំ បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកអតីតយុទ្ធជនចំនួន១៣៣នាក់ កាលពីព្រឹកថ្ងៃទី១៣ ធ្នូ ២០១៦ នៅឯអធិការដ្ឋាននគរបាលស្រុកកោះធំ។

បន្ទាប់ពីស្តាប់នូវការលើកឡើងនូវកង្វល់របស់សមាជិក លោកប្រធានសមាគមបានសន្យាថា នឹងជួយដោះស្រាយជូនទៅតាមលទ្ធភាព ហើយ​បើសិនមិនមានលទ្ធភាពលោកនឹងដាក់សំណើជូនទៅអគ្គលេខាធិការ ដើម្បីដោះស្រាយជូនសមាជិក ដាច់ខាតមិនឱ្យបងប្អូនគ្មានជម្រកទៅរស់ទៅក្រោមដើមឈើ ឬក្រោមតង់ឡើយ។ លោក​ក៏បានលើកឡើងដែរថា បងប្អូនពូមីង ពិតជាចង់ឱ្យកូនក្លាយជាបង្គោលក្នុងគ្រួសារ ប៉ុន្តែគ្មានលទ្ធភាពរៀនបន្ត ហើយបើដូច្នេះ សូមលើកជាសំណើមក ខ្ញុំនឹងផ្តល់អាហាររូបករណ៍ឱ្យបន្តការសិក្សារហូតបញ្ចប់ថ្នាក់មហាវិទ្យាល័យ។

លោកក៏បានបញ្ជាក់ដែរថា មិនត្រូវឱ្យគាត់បោះបង់ការសិក្សានោះទេ ប្រសិនបើគេចង់រៀនខ្ញុំនឹងជួយឧបត្ថម មានតែចំណេះវិទ្យានេះហើយ ទើបកូនៗអាចជួយយើងបាន និងរូបគេបានតទៅថ្ងៃអនាគត ចំពោះការរស់នៅប្រចាំថ្ងៃ តើមានបញ្ហាដោយសារអាជ្ញាធរ ឬសមត្ថកិច្ចដែរឬអត់ បើមានត្រូវជូនដំណឹងមកភ្លាម។ លោកក៏បានសង្កត់ធ្ងន់ដែរថា ពួកខ្ញុំមានការរស់នៅ មានសម្លៀកបំពាក់សមរម្យដូចសព្វថ្ងៃនេះ គឺក៏ដោយសារតែពូ មី និងបងប្អូន កូនចៅរបស់អតីតយុទ្ធជនដែរ។

លោកពូ ឡែម ដូត ដែលពិការភ្នែកម្ខាង រស់នៅភូមិព្រែកតាមាគ ឃុំព្រែកស្តី និងលោកពូម៉ៃ ឡេង នៅភូមិខ្ពប ឃុំសំពៅពូន ដែលពិការជើងម្ខាងបានប្រាប់ថា ពួកគាត់ គឺសុទ្ធសឹងជាអតីតយុទ្ធជនដែលយកទ្រូងទៅពាំងគ្រាប់ការពារទឹកដី និងសុខសន្តិភាពជូនប្រជាពលរដ្ឋ។ ប៉ុន្តែកន្លងមកពុំសូវមានការយកចិត្តទុក​ដាក់​ប៉ុន្មានទេ ហើយនៅពេលដែលឃើញរដ្ឋាភិបាល ងាកមកយកចិត្តទុកដាក់លើការរស់នៅ និងសុខទុក្ខរបស់ពួកគាត់ដូច្នេះ ធ្វើឱ្យពួកគាត់រំភើបណាស់ និងយល់ថា ខ្លួនមិនឯកកោរដូចកាលពីកន្លង។ ប៉ុន្តែក៏សូមសំណូមពរផងដែរទៅសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធកម្ពុជា សូមជួយដំឡើង​ប្រាក់បំណាច់ដល់ពួកគាត់ឱ្យបានចន្លោះពី៧០ទៅ៨០ម៉ឺនរៀល ខណៈបច្ចុប្បន្នបាន១ខែ៣៥ម៉ឺន ដើម្បីឱ្យពួកគាត់បានរស់នៅក្នុងជីវភាពសមរម្យ។

គួរបញ្ជាក់ដែរថា ការលើកឡើងនូវកង្វល់របស់សមាជិកដែលបានចូលរួម មានការ ស្នើសុំដីសម្បទានសង្គមកិច្ច ការស្នើសុំឱ្យការកិច្ចអន្តរាគមន៍ចំពោះការរំលោភដីធ្លី ព្រមទាំងផ្ទះសម្បែង ហើយក្នុងនោះប្រមាណ៦០%ហើយដែលត្រូវបានដោះស្រាយជូននៅថ្នាក់មូលដ្ឋាន។ ជាមួយគ្នានោះ សមាជិកទាំង១៣៣នាក់ ក៏ទទួលបាននូវការទទួលគុយទាវ និងប្រាក់ម្នាក់៦ម៉ឺនរៀលផងដែរ ដោយឡែកអតីតយុទ្ធជនដែលមានជីវភាពក្រីក្រជាងគេក៏ទទួលបានម៉ាស៊ីនកាណូតមួយគ្រឿងដែរ៕

https://youtu.be/9aCZ-GgaznU

មតិយោបល់