ព័ត៌មានសេដ្ឋកិច្ច

កំពូលមហាសេដ្ឋីមកពីជុំវិញសកលលោក ចាប់ដៃគ្នាបង្កើតបច្ចេកវិទ្យាថាមពលបៃតង

កំពូលមហាសេដ្ឋីទ្រព្យសម្បត្តិពាន់លានដុល្លារ មកពីជុំវិញសកលលោក បានចាប់ដៃគ្នា បោះទុនជាង ១ពាន់លានដុល្លារអាមេរិក បង្កើតបច្ចេកវិទ្យាថាមពលជំនាន់ក្រោយ ដែលជាថាមពលបៃតង។ នេះបើយោងតាមសារព័ត៌មាន CNBC ចេញផ្សាយកាលពីម្សិលមិញនេះ។

មហាសេដ្ឋី Bill Gates មហាសេដ្ឋី Jack MA និងមហាសេដ្ឋីជាច្រើនរូបទៀត បានបង្កើតមូលនិធិ Breakthrough Energy Ventures (BEV) សម្រាប់សិក្សានិងបង្កើតបច្ចេកវិទ្យាថ្មី​ ដែលអាចចែកចាយថាមពលបៃតង ដែលមានតម្លៃសមរម្យបំផុត។

លោក Bill Gates បានឲ្យថា ពួកគាត់ នឹងបើកចិត្តទទួលយក គ្រប់លទ្ធភាព ដែលអាចបង្កើតថាមពលបៃតង មានតម្លៃទាប និងអាចទុកចិត្តបាន ហើយលោកក៏បានបញ្ជាក់ដែរថា វាមិនមែនងាយស្រួលដោយគ្រាន់តែបោះលុយតិចតួច រួចចាំមើលលទ្ធផលដ៏គាប់ប្រសើរនោះទេ។

បច្ចុប្បន្ន ថ្នាក់ដឹកនាំ និងថ្នាក់គ្រប់គ្រងមូលនិធិ កំពុងតែពិភាក្សា និងសម្រេចចិត្តថា គួរតែវិនិយោគនៅកន្លែងណា ដែលផ្តល់អំណោយទាន។

ជាចុងក្រោយលោក Bill Gates បានបន្ថែមថា ទីផ្សារលើវិស័យថាមពលបៃតង គឺធំទូលាយណាស់ ហើយបើកំពូលមេដឹកនាំធុរកិច្ចចូលរួមគ្នាធ្វើវា វានឹងកាន់តែធំ ព្រោះទីផ្សារនេះ មានទំហំរហូតដល់ ៦ពាន់ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ ២០៤០៕

មតិយោបល់