ព័ត៌មានបច្ចេកវិទ្យា

៥ វិធី ជួយបង្កើនល្បឿនទូរស័ព្ទ iPhone របស់អ្នកដល់កម្រិតអតិបរមា

តើលោកអ្នកកំពុងជួបបញ្ហាទូរស័ព្ទ iPhone ដំណើរការកាន់តែយឺតទៅៗ ទៅតាមវ័យរបស់វាមែនទេ? ឬក្រោយពីធ្វើបច្ចុប្បន្នភាព (update) ប្រព័ន្ធប្រតិបត្តិការរបស់វាឱ្យឡើងដល់ជំនាន់ចុងក្រោយ ហើយក៏ជួបបញ្ហាដើរយឺតមែនទេ? Post Tech មានមធ្យោបាយចំនួន ៥ សម្រាប់លោកអ្នកយកទៅដោះស្រាយបញ្ហាខាងលើ ក៏ដូចជាដើម្បីបង្កើនល្បឿនដំណើរការប្រើប្រាស់ទូរស័ព្ទ iPhone របស់អ្នកឱ្យដល់កម្រិតអតិបរមា។

១- សម្អាតឯកសារក្នុង RAM ទូរស័ព្ទ
RAM គឺជាអង្គចងចាំបណ្តោះអាសន្តសម្រាប់ជួយឱ្យកម្មវិធីទូរស័ព្ទនានា អាចបើក និងដំណើរការបានឆាប់រហ័ស ហើយកម្មវិធីនីមួយៗ តែងចាប់យកទំហំផ្ទុករបស់វាមួយចំណែក នៅពេលដែលវាចាប់ផ្តើមបើកដំណើរការម្តងៗ។ ដូច្នេះ កាលណាកម្មវិធីបើកកាន់តែច្រើន វានឹងចំណាយទំហំអស់កាន់តែច្រើន ដែលនាំឱ្យល្បឿនដំណើរការទូរស័ព្ទធ្លាក់ចុះយឺត។ ជាងនេះទៀត កម្មវិធីមួយចំនួននៅពេលដែលបិទចោលហើយ វានៅតែបន្តស៊ីទំហំ RAM ដដែល។ ម្លោះហើយ ចង់មិនៗ លោកអ្នកគួរតែសម្អាតឯកសារក្នុងនោះចោលយូរៗម្តង តាមរយៈការធ្វើ Hard Reset ដោយចុចជាប់លើប៊ូតុង Home និងប៊ូតុងបិទ/បើកដំណាលគ្នា រហូតដល់ទូរស័ព្ទរលត់ (សម្រាប់ iPhone 7/ 7 Plus សូមចុចជាប់លើប៊ូតុងបន្ថយសំឡេង និងប៊ូតុងបិទ/បើក)។

២- បើកមុខងារ Reduce Transparency
ផ្ទាំងកម្មវិធីរបស់ iPhone ប្រើប្រាស់នូវក្រាហ្វិកចលនាយឺតៗដែលទាមទារឱ្យ RAM និង CPU របស់ទូរស័ព្ទធ្វើការកាន់តែខ្លាំង ហើយវាក៏ជាផ្នែកមួយដែលទាញល្បឿនទូរស័ព្ទឱ្យយឺតផងដែរ។ ដូច្នេះ ដើម្បីជួយសម្រួលឱ្យ iPhone របស់អ្នកដំណើរការកាន់តែរលូន លោកអ្នកអាចសាកបិទមុខងារនេះចោល ជាពិសេស ចំពោះទូរស័ព្ទ iPhone ស៊េរីមុនៗ ដោយចូលទៅកាន់៖
– Settings -> General -> Accessibility -> Reduce Motion។
– Settings -> General -> Accessibility -> Increase Contrast។

៣- បិទកម្មវិធី Background និង Auto Update
កម្មវិធីជាច្រើននៅតែបន្តដំណើរការរបស់វាជាប់ជានិច្ច បើទោះជាវាត្រូវបានបិទចោលទៅហើយក្តី ដោយកម្មវិធីមួយចំនួននៅដំណើរការឆែកមើលព័ត៌មានទីតាំងទូរស័ព្ទរបស់អ្នក ឬស្វែងរកមាតិកាថ្មីៗសម្រាប់កម្មវិធីរបស់ខ្លួនវាផ្ទាល់ ជាដើម។ សកម្មភាពទាំងនេះហើយដែលមិនត្រឹមតែទម្លាក់ល្បឿនទូរស័ព្ទប៉ុណ្ណោះទេ តែថែមទាំងស៊ីទំហំទិន្នន័យអ៊ីនធើណែតថែមទៀតផង។ ដូច្នេះ ប្រសិនបើលោកអ្នកគិតថាសកម្មភាពស្វ័យប្រវត្តិរបស់វាមិនបានការ សូមបិទវាចោលតែម្តងទៅ ដោយចូលទៅកាន់៖
– Settings -> General -> Background App Refresh
– Settings -> iTunes & App Stores -> Automatic Downloads

៤- សម្អាតឯកសារសំណល់ និងផ្ទុកបណ្តោះអាសន្ន
នៅពេលដែលអ្នកប្រើប្រាស់កម្មវិធីផ្សេងៗនៅទូរស័ព្ទ iPhone កាន់ញឹកញាប់ ឯកសារមិនចាំបាច់នឹងកើតចេញជាបន្តបន្ទាប់ ដូចជា ឯកសារបណ្តោះអាសន្ត និងឯកសារសំណល់ក្នុង Caches, History, និង Logs ជាដើម។ ឯកសារទាំងនេះ នឹងស៊ីចន្លោះទំនេរក្នុង Memory ក៏ដូចជា RAM ទូរស័ព្ទរបស់អ្នក រហូតធ្វើឱ្យទូរស័ព្ទដំណើរកាន់តែយឺតទៅៗ ជាពិសេស នៅពេលដែលឯកសារទាំងនោះគរគ្នាកាន់តែច្រើន។ សម្រាប់ដំណោះស្រាយដែលប្រសើរ និងងាយស្រួលបំផុតនោះគឺ បញ្ចូលកម្មវិធីសម្រាប់សម្អាតវាចេញ។ Post Tech សូមណែនាំឱ្យលោកអ្នកប្រើប្រាស់កម្មវិធី iCareFone នៅលើកុំព្យូទ័រ ហើយដើម្បីធ្វើការសម្អាតឯកសារសំណល់ និងផ្ទុកបណ្តោះអាសន្នក្នុងទូរស័ព្ទចោល សូមបើកដំណើរការកម្មវិធី iCareFone រួចចូលទៅកាន់ Select Speedup & Clean -> Quick Scan ហើយចុចលើប៊ូតុង Clean តាមប្រភេទឯកសារផ្សេងៗ។

៥- ធ្វើ Factory Reset
ប្រសិនបើមធ្យោបាយទាំង ៤ ខាងលើមិនមានប្រសិទ្ធភាពក្នុងការបង្កើនល្បឿនទូរស័ព្ទ iPhone របស់អ្នក អ្នកអាចជ្រើសរើសវិធី Factory Reset ដែលវានឹងសម្អាតទិន្នន័យ ឬឯកសារផ្សេងៗក្នុងទូរស័ព្ទចោលទាំងអស់ពោលគឺ វានឹងធ្វើឱ្យទូរស័ព្ទរបស់អ្នកដូចជាទើបទិញមកថ្មីអីចឹង ហើយរាល់ការជាប់គាំង និងភាពមិនប្រក្រតីផ្សេងៗនឹងត្រូវវិលមករកភាពប្រក្រតីវិញ។
ដើម្បីធ្វើដូច្នេះ លោកអ្នកគ្រាន់តែចូលទៅកាន់កម្មវិធី Settings -> General -> Reset -> Erase all content and settings -> បញ្ចូលលេខកូដសម្ងាត់ ៤ ខ្ទង់ (បើលោកអ្នកមិនបានប្រើលេខកូដសម្ងាត់សម្រាប់ចាក់សោទូរស័ព្ទរបស់ខ្លួនទេ សូមវាយបញ្ចូលលេខកូដ 0000 ឬ 1234) រួចចុចលើ Erase iPhone ដើម្បីយល់ព្រមការធ្វើ Hard Reset៕

មតិយោបល់