ព័ត៌មានជាតិ

ឆក់ទូរសព្ទដៃគេបានជាង១ម៉ោង ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន

កំពង់ចាមៈ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងនគរបាលក្រុងកំពង់ចាម បើកប្រតិបត្តិការចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពឆក់ពីជនរងគ្រោះនៅតាមដងផ្លូវបានរយៈពេលជាង១ម៉ោង។ ការបង្ក្រាបនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង៦ និង១៥នាទី ល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីមានករណីឆក់ទូរសព្ទដៃ របស់នារីរងគ្រោះម្នាក់ឈ្មោះ តុង ចន្នា អាយុ២៤ឆ្នាំ បន្ទាប់ពីកើតហេតុស្ត្រីរងគ្រោះបានរាយការណ៍ដល់អាជ្ញាធរមូលដ្ឋាន ដោយមានការអន្តរាគមន៍ពីកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋានក្រុងកំពង់ចាម បានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ឃិន ប៊ុនថន ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ព្រមទាំងដកហូតបានវត្ថុតាងទូរស័ព្ទដៃ ម៉ាកIPhone 6Plus ពណ៌ទឹកមាស ១គ្រឿង ដែលជនសង្ស័យបានឆក់ពីនារីរងគ្រោះ រួមនិងម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ដែលជនសង្ស័យជិះធ្វើសកម្មភាពផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅស្នងការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម ចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់