កណ្តាលៈ យុវជនដែលមានអាយុទើបតែ ១៩ឆ្នាំម្នាក់ ប៉ុន្តែចិត្តក្តៅដូចភ្លើង បានយកដែកកេះទៅដុតផ្ទះរបស់ស្រ្តីជាកម្មការិនីម្នាក់ បណ្តាលឲ្យឆេះជញ្ជាំងជិតអស់ ប៉ុន្តែសំណាងល្អបានអ្នកជិតខាងជួយពន្លត់ទាន់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាច ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិបឹងទ្រា ឃុំទួលព្រេជ ស្រុកអង្គស្នួលខេត្ត កណ្តាល។
ជនរងគ្រោះឈ្មោះ ឈុំ ល្អិត ភេទ ស្រីអាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការីនីរោងចក្រ នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកជនល្មើសឈ្មោះវ៉ា ពៅ ភេទប្រុសអាយុ ១៩ឆ្នាំ ជនជាតិខែ្មរមុខរបរកសិករ នៅបឹងឃុំសំរោងលើ ស្រុកអង្គស្នួលខេត្តកណ្តាល។
នៅក្នុងករណីធ្វើឲ្យខូចខាតដោយចេតនានេះ សមត្ថកិច្ចចាប់បានវត្ថុតាងរួមមាន ពូថៅដងឈើប្រវែង៣៥ សង់ទីម៉ែត្រចំនួន០១, ដេកកេះហ្គាសចំនួន០១ ដោយឡែកសម្ភារ:ខូចខាត គឺឆេះជញ្ជាំងផ្ទះ និងកាប់ដំបូលផ្ទះបាយ ជញ្ជាំងផ្ទះបាយប្រក់ដោយស្លឹកខូចខាតស្ទើរទាំងស្រុង។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោងកើតហេតុខាងលើ ជនល្មើសបានយកដែកកេះគូសដុតជញ្ជាំងផ្ទះ របស់ស្រ្តីជាកម្មការិនីនោះបានបន្តិច ប៉ុន្តែដោយមានអ្នកជិតខាងមកជួយពន្លត់ទាន់ បន្ទាប់មកជនល្មើស ក៏យកពូថៅដែលសៀតនៅចង្កេះ មកកាប់ដំបូលផ្ទះបាយ និងជញ្ជាំងដែលប្រក់ដោយស្លឹកនោះចោលស្ទើរខូចខាតទាំងស្រុង៕
មតិយោបល់