ព័ត៌មានជាតិ

មុខសញ្ញាលក់ចែកចាយថ្នាំញៀន៣នាក់ ត្រូវនគរបាលចាប់ខ្លួន

ព្រះសីហនុៈ ជនសង្ស័យជាមុខសញ្ញាលក់ចែកចាយថ្នាំញៀនខុសច្បាប់ ត្រូវបាននគរបាលខេត្តព្រះសីហនុធ្វើការបង្ក្រាបបានជាក់ស្តែង កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ដោយធ្វើការដកហូតបានថ្នាំញៀនចំនួន៤កញ្ចប់។

លោកវរសេនីយ៍ឯក ស៊ុន សុផាត ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលផែនប្រឆាំងបទល្មើស បានឲ្យដឹងថា សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវបង្ក្រាបអំពើជួញដូរថ្នាំញៀនជាក់ស្តែង១ករណីដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ទី១ឈ្មោះ គី សុជាតិ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី២ឈ្មោះ មាស សីហា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ និងជនសង្ស័យទី៣ឈ្មោះ ខៀវ វាសនា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរអ្នកបោចមាន់ អ្នកទាំង៣មានទីលំនៅក្នុងក្រុងព្រះសីហនុ។ ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបានថ្នាំញៀនមេតំហ្វេតាមីន (សថ្លា) ចំនួន៤កញ្ចប់ ទម្ងន់២,៨៩ក្រាមផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលជំនាញកំពុងបន្តនិតិវីធីបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់