ព័ត៌មានជាតិ

រថយន្តដឹកស្រាបៀរអង្គរ ព្រលះមួយទំហឹង ខូចអស់រថយន្ត៣គ្រឿង

ភ្នំពេញៈ រថយន្តដឹកស្រាបៀរអង្គរ១គ្រឿងបានបុករះរថយន្តចំនួន២គ្រឿងទៀតនៅខាងមុខ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ខណៈពេលដែលកំពុងតែបើកបរនៅលើដងផ្លូវ ហើយជាន់ហ្វ្រាំងមិនស៊ីនោះ សំណាងល្អមិនបានបង្កឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង២៥នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចខាងមុខមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ផ្លូវលេខ២៧១ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

ប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា មុនពេលកើហេតុ រថយន្តដឹកស្រាបៀរអង្គរ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ៣B-៩០២០ មួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើត ទៅលិច លុះទៅដល់ចំណុចកើតហេតុខាងលើ ខណៈពេលដែលផ្លូវចង្អៀតនោះ អ្នកបើកបរក៏បានជាន់ហ្វ្រាំងដើម្បីបង្អង់ល្បឿនតែជាន់មិនជាប់ក៏ជ្រុលទៅបុកនឹងរថយន្តម៉ាកឡិចស៊ីស៤៧០ ព៌ណស ពាក់ស្លាកលេខ ភ្នំពេញ ២W-១៣៨៦ ដែលនៅខាងមុខ និងបន្តទៅបុករថយន្តម៉ាកតូយូតា ១៥កៅអី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ CD40-០០៨ មួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំដូចគ្នា។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹកចុះធ្វើការវាស់វែង និងធ្វើការដោះស្រាយគ្នាដោយភាគីរថយន្តស្រាបៀរអង្គរចេញសងថ្លៃជួសជុលឲ្យទៅភាគីរថយន្តដែលរងការខូចខាតទាំង២គ្រឿង ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុភ្លាមៗផងដែរ៕

មតិយោបល់