ព័ត៌មានជាតិ

សិស្សសាលាចេញពី​រៀន​ប្រយុទ្ធ​គ្នា​ផ្អើល​ដល់សមត្ថកិច្ច

ភ្នំពេញ ៖ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ខណៈ​សិស្ស​សាលារៀន​សុវណ្ណ​ភូមិ​២​ក្រុម​ដេញ​ប្រយុទ្ធ​គ្នា​ប្រសេចប្រសាច​តាម​ដងផ្លូវ​ដូច​ក្នុង​ក្រុមបងធំ​នៅ​ក្នុង​រឿង​ភាគ​ចិន​ហុងកុង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ជិត​សាលារៀន​ខាងលើ​ដែល​មាន​ទីតាំង​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ក្រុម​សិស្ស​ដែល​វាយ​ប្រយុទ្ធ​គ្នា​ទាំង​ពីរ​ភាគី​នោះ​មិន​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ​នោះទេគ្រាន់តែ​ដឹង​ថា​ពួក​គេ​គឺជា​សិស្ស​ដែល​រៀន​នៅ​សាលារៀន​សុវណ្ណ​ភូមិ ដែល​ម្ខាង​ៗ​មាន​គ្នា​ពី​៣ទៅ៤​នាក់ ប្រើប្រាស់​ខ្សែក្រវាត់ និង​ដុំ​ថ្ម​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​សំណាងល្អ​មិន​មាន​ភាគី​ណាមួយ​រង​របួស​ធ្ងន់ធ្ងរ​ឡើយ ហើយ​ពួក​គេ​បាន​ដេញ​វាយ​គ្នា​ទាំង​ឯកសណ្ឋាន​ជា​សិស្សសាលា​តែ​ម្ដង ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​ប៉ុន្មាន​ខែ​មុន​ពេល​កើតហេតុ​នេះ​សិស្ស​ទាំង​ពីរ​ក្រុម​ខាងលើ​បាន​មាន​ទំនាស់​គ្នា​ជា​បន្តបន្ទាប់​រហូត​មាន​គំនុំ​គុំ​គួ​ន​គ្នា​ថែម​ទៀត​ផង លុះដល់​ពេល​កើតហេតុ ខណៈ​ពេល​ចេញពី​រៀន​ភាគី​ម្ខាង​បាន​ដក​ខ្សែក្រវាត់​វាយ​ភាគី​ម្ខាង​ទៀត ទើប​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​មាន​កំហឹង ហើយ​ហូត​ខ្សែក្រវាត់ និង​កាន់​ដុំ​ថ្ម ដេញ​វាយ​តបត​វិញ​យ៉ាង​ប្រសេចប្រសាច គ្មាន​វិន័យ​ជា​សិស្ស​បន្តិច​ណា​ឡើយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​តាម​ដងផ្លូវ ហើយ​ខណៈនោះ​ភាគី​ដែល​វាយ​គេ​មុន​បាន​ជិះ​ម៉ូត​រត់​ចេញពី​គូសត្រូវ​យ៉ាង​ស្លន់ស្លោរ​បំផុត​ចេញពី​សាលា​បណ្ដាល​ឲ្យ​ដួល​ចូល​ក្នុង​ភក់ ហើយ​ត្រូវ​គូទំនាស់​តាម​ទាន់​ដេញ​វាយ​សងសឹក​រហូត​មានការ​អន្តរាគមន៍​ពី​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ទើប​ក្រុម​អ្នក​ដេញ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។

ប្រភព​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ ភាគី​ខាង​គូទំនាស់​ដេញ​វាយ​បាន​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ​ដាក់​ពាក្យបណ្ដឹង ចំណែក​ភាគី​អ្នក​ដេញ​វាយ​គេ​ក៏​ត្រូវ​បាន​នគរបាល​ហៅ​ឲ្យ​ចូលខ្លួន​ទៅ​ប៉ុស្ដិ៍​ដែរ បន្ទាប់​មក​នគរបាល មិន​បាន​ឃាត់​ភាគី​ណាមួយ​នោះ​ទេ គឺ​បាន​ធ្វើការ​អប់រំ​ពួក​គេ​ទាំង​សង្ខាង និង​ធ្វើ​កិច្ចសន្យា​បញ្ចប់​ជម្លោះ និង​ការ​គុំ​គួ​ន​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​មាន​អាណាព្យាបាល​ទៅ​ជួប​ជជែក​គ្នា​ទាំង​សាង​ខាង​ចូលរួមសម្របសម្រួលបញ្ចប់រឿងផងដែរ៕

មតិយោបល់