ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀនក្នុងផ្ទះសំណាក់ដ្រាហ្គិន

ភ្នំពេញៈ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករា សហការជាមួយនគរបាលប៉ុស្តិ៍បឹងព្រលឹត ធ្វើការចុះបង្ក្រាប ឃាត់ខ្លួនបាន ដកហូតបានថ្នាំញៀន៣កញ្ចប់។

ការចាប់ឃាត់ខ្លួននេះ បានធ្វើឡើងកាលវេលាម៉ោង១១ ថ្ងៃត្រង់ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចនៅក្នុងផ្ទះសំណាក់ ដ្រាហ្គិន ជាន់ទី១ បន្ទប់លេខ១០៥ ផ្លូវលេខ១០៧ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួនបានខាងលើ ទី១មានឈ្មោះ អៀម ឡាយ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ ,ជនសង្ស័យទី២ ឈ្មោះ ហ្សោន រ៉ាពី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ និងជនសង្ស័យទី៣ឈ្មោះ គន រតនា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ ។

ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះដែរ មានការដឹកនាំកម្លាំងដោយលោក កេ្រត សិខរីន អធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ទទួលផែនយុត្តិធម៌ និងលោក ស៊ុន ផល្លា នាយផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ខណ្ឌ៧មករា សហការជាមួយនគរបាលប៉ុស្តិ៍បឹងព្រលឹត ធ្វើការចាប់ឃាត់ខ្លួនបានប្រុសស្រី៣នាក់ខាងលើនេះ ដោយកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ខណ្ឌ៧មករា បានតាមជនសង្ស័យម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខភ្នំពេញ 1CB-7992 តាមបណ្ដោយផ្លូវព្រះមុនីវង្ស ហើយជនសង្ស័យក៏បានជិះចូលមកផ្ទះសំណាក់ខាងលើ ក៏ត្រូវនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ខណ្ឌ៧មករា សហការជាមួយនិងម្ចាស់សំណាក់ ដ្រាហ្គិន ទើបឈានដល់ការឃាត់ខ្លួន ជនសង្ស័យខាងលើនេះ ដោយធ្វើការដកហូតបាន គ្រឿងញៀនចំនួន៣កញ្ចប់តូច ,ឧបករណ៍សម្រាប់ជក់មួយចំនួនទៀត រួមនិងដាវសាំម៉ូរ៉ៃចំនួន១ផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីឃាត់ខ្លួនបណ្ដោះអាសន្ន ធ្វើការសាកសួរនិងកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់