ព័ត៌មានជាតិ

បម្រុងដឹកឡើងរថយន្តទៅហើយ! ប៉ុន្តែត្រូវពលរដ្ឋឃើញទាន់មានអី…

សៀមរាបៈ យោងតាមផេកមន្ទីរព័ត៌មានបានឲ្យដឹងថា សត្វក្របីចំនួន ៨ក្បាល ដែលក្រុមចោរលួចបានយកមកទុកម្តុំវាលស្រែក្នុងភូមិសាស្ត្រឃុំកណ្តែក បម្រុងអូសឡើងរថយន្ត ត្រូវប្រជាពលរដ្ឋឃើញទាន់ស្រែកឆោឡោ ធ្វើឲ្យចោរទុកក្របីចោលរួចបើករថយន្តគេចខ្លួនបាត់។

សមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជា ៣ទៀបភ្លឺ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ សត្វក្របីចំនួន ០៨ក្បាល ដែលក្រុមចោរលួចបានយកមកទុកម្តុំវាលស្រែ ស្ថិតក្នុងភូមិឃុនមោក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បម្រុងអូសឡើងរថយន្ត ប៉ុន្តែក្នុងពេលកំពុងធ្វើសកម្មភាពនោះ មានប្រជាពលរដ្ឋម្នាក់ប្រទះឃើញ ហើយគាត់មានការសង្ស័យ ក៏ស្រែកឆោឡោឡើង ផ្អើលដល់អ្នកភូមិមកមើល ខណៈពេលនោះក្រុមចោរ បានទុកក្របីទាំងនោះចោល រួចបើកឡានគេចបាត់ ។

សមត្ថកិច្ចបានឲ្យដឹងបន្ថែមថា ភ្លាមៗនោះ បន្ទាប់ពីទទួលសេចក្ដីរាយការណ៍ពីករណីនេះពីពលរដ្ឋ និងប្រជាការពារ កម្លាំងសមត្ថកិច្ចបានសហការគ្នា ដេញតាមរករថយន្តរបស់ជនល្មើសដែរ តែតាមមិនទាន់ដោយសារការផ្តល់ព័ត៌មានមកសមត្ថកិច្ច មានការយឺតយ៉ាវបន្តិច ដែលក្របីទាំង៨ក្បាលនេះ មានក្របីមេ៤ក្បាល និងកូន៤ក្បាល ជារបស់ប្រជាពលរដ្ឋរស់នៅសង្កាត់ជ្រាវ ក្រុងសៀមរាប ហើយក្របីទាំងនោះ សមត្ថកិច្ចបានប្រគល់ជូនម្ចាស់វិញ ។

ប្រជាពលរដ្ឋជាម្ចាស់ក្របីឈ្មោះ ម៉ុយ ម៉ឺន ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប បានឲ្យដឹងថា លោកមិនបានដឹងថា មានគេលួចក្របីទេ ប៉ុន្តែនៅម៉ោងជិតបីទៀបភ្លឺ លោកបានឮគេប្រកាសតាមវិទ្យុទាក់ទងឲ្យប្រជាពលរដ្ឋណាដែលបាត់ក្របី ឲ្យទៅមើល ថាតើជាក្របីខ្លួនឬមិនមែន ខណៈពេលនោះគាត់ដើរ ទៅមើលក្របី ក៏មិនឃើញនៅក្នុងក្រោល ទើបគាត់ដឹងថា ក្របីរបស់គាត់ត្រូវបានគេលួច ៕

មតិយោបល់