ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ និងថ្នាំញៀន២០កញ្ចប់

ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនពីបទជួញដូរនូវសារធាតុញៀនខុសច្បាប់ នៅចំណុច២ទីតាំងផ្សេងគ្នា ដោយដកហូតបានថ្នាំញៀនចំនួន ២០កញ្ចប់។ ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះ ទី១មានឈ្មោះ មិល ភ័ណ្ឌ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ បេតុង ភូមិព្រែកជាងព្រុំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចមុខដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ភូមិព្រែកជាងព្រុំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដកហូតបាន ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន៥កញ្ចប់តូច។ និងទី២មានឈ្មោះ គង់ កុសល ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខដីឡូតិ៍គ្មានលេខ តាមបណ្តោយផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ដកហូតបានក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន១៥កញ្ចប់តូច ទូរសព្ទដៃម៉ាកណូគា ពណ៌ខ្មៅ ចំនួន១គ្រឿង និងមួកពណ៌ខ្មៅ១។ សរុបទាំងអស់អស់ថ្នាំញៀនដែលសមត្ថកិច្ចដកហូតបានរួមមាន ២០កញ្ចប់តូច។

បច្ចុប្បន្ន​ ជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់