ព័ត៌មានជាតិ

ប្លន់ទៀតហើយនៅខេត្តកំពង់ស្ពឺ!.. យកមាសអស់ចំនួន៤០តម្លឹង គេចខ្លួនបាត់

កំពង់ស្ពឺៈ ជនរងគ្រោះ២នាក់ប្តីប្រពន្ធដែលជាអាជីវករលក់មាសនៅផ្សារឧត្តុង ត្រូវបានក្រុមចោរប្រដាប់ដោយអាវុធខ្លីមួយដើម មានគ្នាចំនួន២នាក់ ចូលធ្វើសកម្មភាពភ្ជង់ប្លន់ដល់ពីមុខផ្ទះតែម្តង ខណៈដែលជនរងគ្រោះប្រមូលទ្រព្យសម្បត្តិដែលជាគ្រឿងអលង្កា ក្រោយពីលក់រួចយកមកទុកនៅឯផ្ទះវិញ ។

ករណីប្លន់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៥០នាទីល្ងាច ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិឃ្លាំងប្រាំ ឃុំវាំងចាស់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះជាម្ចាស់គ្រឿងអលង្កាខាងលើ មានឈ្មោះ អ៊ីង ប៊ុនតុង ភេទប្រុស អាយុ
៣៣ឆ្នាំ មុខរបរលក់មាស ស្នាក់នៅភូមិ ឃ្លាំងប្រាំ ឃុំវាំងចាស់ ស្រុកឧដ្តុង កំពង់ស្ពឺ។

តាមការឲ្យដឹងពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជាអាជីរករ លក់មាសនៅផ្សារឧដ្តុងចំនួន២ទូ ដោយប្តីបើកលក់១ទូ និងប្រពន្ធបើកលក់១ទូ។ លុះពេលដល់វេលាម៉ោងកើតហេតុ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធបានត្រឡប់ទៅផ្ទះវិញដោយបានប្រមូលយកគ្រឿងអលង្កាមកជាមួយដោយជនរងគ្រោះជាប្តី បានជិះម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ដឹកយកមកផ្ទះម្តង រួចក៏ត្រឡប់ទៅយកគ្រឿងអលង្កា របស់ប្រពន្ធយកមកទុកនៅផ្ទះម្តងទៀត ខណៈដែលជិះមកដល់មាត់ច្រកទ្វាររបងចូលផ្ទះហើយនោះ ក៏មានជនល្មើសចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ មិនចាំស៊េរីនិងស្លាកលេខ បានជិះមកឈប់ពីក្រោយជនរងគ្រោះ រួចធ្វើសកម្មភាព ស្ទុះដកកាំភ្លើងខ្លីពុំស្គាល់ម៉ាកមួយដើម ចូលមកភ្ជង់ប្លន់ជនរងគ្រោះ និងប្រតាយប្រតប់ទាញយកកាបូបគ្រឿងអលង្កា ពីជនរងគ្រោះបានសម្រេច រួចប្រញាប់ស្ទុះឡើងជិះម៉ូតូឆ្ពោះទៅទិសខាងកើត ឡើងទៅផ្លូវលេខ៥២ សំដៅទៅទិសខាងលិច គេចខ្លួនបាត់ដោយសុវត្ថិភាពទាំង២នាក់តែម្តង ។

ក្រោយកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកឧត្តុង ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យខាងលើ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

មតិយោបល់