ព័ត៌មានជាតិ

សន្តិសុខយាមហាងប្រាយស្តា២នាក់ដេកលក់ ជនសង្ស័យឈ្លៀតឱកាសចូលលួចបានសម្រេច តែស៊យពេលភ្ញាក់ឃើញដើរកាត់មុខចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យចំនួនម្នាក់ ត្រូវជនរងគ្រោះចាប់ប្រគល់ឲ្យសមត្ថកិច្ចកាលពីវេលាម៉ោង៩ និង៣០នាទី នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ករណីលួច (លួចយកទូរសព្ទដៃ និងអាយកូម) នៅចំណុចក្នុងហាងប្រាយស្តា ក្រុម៥ ផ្លូវ១០១១ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យខាងលើមាន ឈ្មោះ ផុន មិថុនា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។ ចំណែកជនរងគ្រោះ ចំនួន ០២នាក់រួមមាន៖ ១.ឈ្មោះ ស៊ិន ពៅ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខយាមហាងប្រាយស្តា ស្នាក់នៅក្នុងហាង ប្រាយស្តា ផ្លូវ១០១១ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី២.ឈ្មោះ ស៊ាប យ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខយាមហាងប្រាយស្តា ស្នាក់នៅក្នុងហាង ប្រាយស្តា ផ្លូវ១០១១ ភូមិពោងពាយ សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ ។

ក្នុងនោះដែរសម្ភារៈបាត់បង់រួមមាន៖ ទូរសព្ទដៃចំនួន២គ្រឿង ម៉ាកអាយហ្វូន០១គ្រឿង និងម៉ាកខេមហ្វូន ។ ចំណែកសម្ភារ:បន្សល់ទុករួមមាន អាយកូមចំនួន០១គ្រឿងMegaband ។

មុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ បានដេកនៅ (ចំណុចកើតហេតុខាងលើ) លុះដល់ម៉ោងកើតហេតុខាងលើ ជនរងគ្រោះក្រោកពីដេក មិនឃើញអាយកូមរបស់ខ្លួន ក៍មានឆោឡោឡើង រួចជនរងគ្រោះឈ្មោះ ស៊ាប យ៉ា ថាពេលខ្លួនដេកបានឃើញមនុស្សប្រុសម្នាក់ស្លៀកខោប៉ារ៉ា ដើរចូល រួចខ្លួនក៏ដេកទៅវិញ លុះដល់ម៉ោង៣រសៀល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ពួកខ្លួនបានឃើញជនសង្ស័យខាងលើដើរកាត់មុខហាងប្រាយស្តា មានសៀតអាយកូមដែលខ្លួនបាត់ ក៍នាំគ្នាឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មីធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕

មតិយោបល់