ភ្នំពេញ : ករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៥លើក ក្នុងនោះយប់ ៧លើក បណ្តាលឲ្យមនុស្សស្លាប់ ៩នាក់ ( ស្រី១នាក់ ) រងរបួសធ្ងន់ ១២នាក់ ( ស្រី ៣នាក់ ) និងរបួសស្រាល ១០នាក់ (ប្រុស )។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ១៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ២៧គ្រឿង រួមមាន ម៉ូតូចំនួន ១៨គ្រឿង រថយន្តធុនតូច ចំនួន ៦គ្រឿង រថយន្តធុនធំ ចំនួន ១គ្រឿង យានផ្សេងៗ ចំនួន ២គ្រឿង និងអ្នកថ្មើរជើង ៣នាក់ ។
របាយការណ៍ បានឲ្យដឹងថា មូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿង ៩លើក ( ស្លាប់ ៦នាក់ ) ,ស្រវឹង ១លើក , មិនប្រកាន់ស្តាំ ១លើក , មិនគោរពសិទ្ធិ ១លើក ( ស្លាប់ ១នាក់ ) , បត់គ្រោះថ្នាក់ ១លើក និងប្រជែងគ្រោះថ្នាក់ ៣លើក ( ស្លាប់ ២នាក ) ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១៦នាក់ ( យប់ ១២នាក់ )។
គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ១៣លើក ផ្លូវខេត្ត – ក្រុង ចំនួន ១លើក និងផ្លូវលំចំនួន ២លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៧លើក រថយន្តធុនតូច ៧លើក និងរថយន្តធុនធំ ២លើក។
របាយការណ៍ បានបន្ដទៀតថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើន រួមមាន រាជធានីភ្នំពេញ ១លើក ស្លាប់ ២នាក់ របួស ១នាក់ ខេត្តតាកែវ ១លើក ស្លាប់ ២នាក់ របួស ៣នាក់ ( ស្រី១នាក់ ) ខេត្តព្រះវិហារ ២លើក ស្លាប់ ១នាក់ របួស ២នាក់ ( ស្រី ១នាក់ ) ខេត្តស្ទឹងត្រែង ២លើក ស្លាប់ ១នាក់ ( ស្រី) របួស ៣នាក់ ខេត្តព្រៃវែង ១លើក ស្លាប់ ១នាក់ ខេត្តកំពង់ចាម ១លើក ស្លាប់ ១នាក់ និងខេត្តកោះកុង ២លើក ស្លាប់ ១នាក់ របួស ២នាក់។
របាយការណ៍ ដដែលបានបញ្ជាក់ទៀតថា លទ្ធិផលត្រួតពិនិត្យ អនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៥៧៦០គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ២៦១៩គ្រឿង និងពិន័យសរុប ៣១៤១គ្រឿង។នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦៕
មតិយោបល់