ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរស័ព្ទដៃ

ភ្នំពេញ: យោងតាមផេករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៥:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ជ័យជម្នះ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចឆក់យកទូរស័ព្ទដៃ នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ចន រិទ្ធិរាជ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ស្នាក់នៅផ្ទះលេខ ១០៥៤ ផ្លូវលំ ភូមិទ្រាII សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ផា សុភ័ណ្ឌ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។

មុនពេលកើតហេតុ វេលាម៉ោង ១៥:៣០នាទី ជនរងគ្រោះបានដើរចេញពីកន្លែងធ្វើការដោយកាន់បាយមួយកញ្ចប់ យកមកហូបនៅមាត់ទន្លេមុខវត្តឧណ្ណាលោម ដោយសារជនរងគ្រោះអង្គុយហូបបាយលើថ្មម៉ាប និងកាន់ទូរស័ព្ទលេងផង ពេលនោះជនសង្ស័យបានដើរចូលមករួចធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ពីជនរងគ្រោះបានសម្រេចរួចគេចខ្លួន។ ភ្លាមៗនោះជនរងគ្រោះស្រែកឆោឡោរត់ដេញតាមក្រោយ ស្របពេលនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ជ័យជម្នះ ល្បាតមកដល់ក៏ជួយធ្វើអន្តរាគមន៏ឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង យកមកទីស្នាក់ការប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។

សម្ភារ:បាត់បង់៖ ទូរស័ព្ទដៃ ចំនួនមួយគ្រឿងម៉ាកVIVO ពណ៏ខៀវ។ ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់ទូរស័ព្ទដៃឲ្យជនរងគ្រោះវិញ តាមការស្នើសុំ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

 

មតិយោបល់