ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ានដាយផ្ទុកឈើពេញ១គ្រឿង ត្រូវសមត្ថកិច្ចបង្រ្កាបបាន

ពោធិ៍សាត់ៈ កម្លាំងអាវុធហត្ថស្រុកក្រគរសហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ចុះបង្ក្រាបបទល្មើសព្រៃឈើដោយឃាត់ខ្លួនបានរថយន្ត១គ្រឿង កាលពីវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវជាតិលេខ៥ ឋិតនៅក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ក្នុងប្រតិបត្តិការនេះឃាត់រថយន្តបាន១គ្រឿង ម៉ាកHYUNDAI(ហ៊ីយ៉ានដាយ) ពណ៌ស ពាក់ស្លាលេខ ក.ច ៣A-០១២៧ ផ្ទុកឈើរាជកល់ចំនួន២៨ម៉ែត្រគូប និងឃាត់ខ្លួនជនសង្ស័យម្នាក់ជាព្រូឡានមាន ឈ្មោះ សេង ឡេង ភេទប្រុស អាយុ២៨ឆ្នាំ ខ្មែររស់នៅភូមិ ផ្តៅជុំ ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម រីឯអ្នកបើកបររថយន្តគេចខ្លួនបាត់ស្រមោល។

ប្រភពព័ត៌មានបានឲ្យដឹងថា មេខ្លោងដែលជាឈ្មួញដុះស្លែនេះ គឺមានទីលំនៅស្ថិតនៅក្នុងស្រុកក្រគរនេះតែម្តង ហើយប្រជាពលរដ្ឋេសង្ឃឹមថា សមត្ថកិច្ចនឹងប្រើវិធានការចាប់យកមេឈ្មួញឈើរូបនោះយកមកផ្តន្ទាទោសតាមច្បាប់ឲ្យខានតែបាន។

បច្ចុប្បន្ន វត្ថុតាង និងជនសង្ស័យត្រូវកម្លាំងអាវុធហត្ថប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃខេត្តពោធិ៍សាត់ដើម្បីដោះស្រាយតាមនីតីវិធីច្បាប់៕

មតិយោបល់