កណ្តាលៈ នៅឯសាលាក្រុងតាខ្មៅ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ អភិបាលក្រុងតាខ្មៅ លោក ហេង ឆៀម បានធ្វើការកោះហៅអ្នកបើកអាជីវកម្មល្បែងស៊ីសងទាំងអស់នៅក្នុងក្រុង ឲ្យមកស្តាប់នូវសេចក្តីណែនាំស្តីពីការអនុវត្តវិធានការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ព្រមទាំងបញ្ជាឲ្យមន្ត្រីមានសមត្ថកិច្ចក្រោមឱវាទ ចាប់ផ្តើមអនុវត្តវិធានការទៅតាមច្បាប់ ចំពោះអ្នកដែលបើកល្បែងស៊ីសងខុសច្បាប់ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះតទៅ។
កិច្ចប្រជុំនេះ ធ្វើឡើងស្របពេលដែលសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ កាលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ ឲ្យកម្លាំងប្រដាប់អាវុធទូទាំងប្រទេសអនុវត្តន៍នូវវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងឃាត់ខ្លួនម្ចាស់ទីតាំងបើកល្បែងស៊ីសងខុសច្បាប់ រួមទាំងអ្នកឃុបឃិតយកទៅផ្ដន្ទាទោស។
លោក ហេង ឆៀម អភិបាលក្រុងតាខ្មៅបានលើកឡើងថា “កិច្ចប្រជុំនេះ ធ្វើឡើងទៅតាមសេចក្តីណែនាំរបស់អន្តរក្រសួងដែលមានក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច ដែលបញ្ជាឲ្យអាជ្ញាធរទូទាំងប្រទេសអនុវត្តការបង្រ្កាបល្បែងស៊ីសងខុសច្បាប់”។ សម្រាប់ការអនុវត្តនេះ ធ្វើឡើងជា២ដំណាក់កាល ដែលទី១តាមរយៈការធ្វើការណែនាំ និងទី២គឺចុះអនុវត្តបង្រ្កាបតែម្តង។
លោកអភិបាលក្រុងបន្តថា “តាមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមបណ្ឌិត ម៉ៅ ភារុណ លោកបានណែនាំថាឲ្យរដ្ឋបាលក្រុង-ស្រុកនៃខេត្តកណ្តាល ត្រូវអនុវត្តដំណើរការជា២ដំណាក់កាល ដំណាក់កាលទី១ គឺពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ជាដំណាក់កាលផ្សព្វផ្សាយអប់រំដល់អ្នកដែលប្រកបរបររកស៊ីដូចជាកត់ឆ្នោតមានច្បាប់ និងកត់ឆ្នោតឥតច្បាប់ រួមជាមួយហ្គេមអ៊ីនធឺណេតជាដើម។ ហើយចាប់ពីថ្ងៃទី១៦ ជាដំណាក់កាលដែលយើងចាប់ផ្តើមអនុវត្តវិធានការរដ្ឋបាល ករណីដែលយើងពិនិត្យឃើញមានបទល្មើស យើងនឹងចាត់ចែងតាមនីតិវិធី”។
សម្រាប់នៅក្រុងតាខ្មៅ ស្ថិតិដែលអាជ្ញាធររកឃើញមានអ្នកបើកល្បែងស៊ីសងទាំងស្របច្បាប់ និងខុសច្បាប់ចំនួន៩៩នាក់ ដែលអ្នកប្រកបអាជីវកម្មល្បែងទាំងនោះមានដូចជាកត់ឆ្នោត និងបើកល្បែងស៊ីសងជ្រកក្រោមស្លាកអ៊ីនធឺណេតជាដើម។
លោក ហេង ឆៀម ក៏បានស្នើឲ្យប្រជាពលរដ្ឋដែលប្រកបរបរកត់ឆ្នោតផ្សេងៗ ឲ្យទៅកត់ឆ្នោតដែលរដ្ឋាភិបាលបានអនុញ្ញាតច្បាប់ និងសូមកុំឲ្យកត់ឆ្នោត ឬល្បែងអ្វីដែលមិនមានច្បាប់អនុញ្ញាត៕
https://youtu.be/5Bjnfn9RaKs
មតិយោបល់