ព័ត៌មានជាតិ

មន្ទីរសម្ភព សុខា បញ្ញា ឲ្យថ្នាំអ្នកជំងឺលេប២គ្រាប់ប្រកាច់ស្លាប់ បញ្ចប់ត្រឹមសំណងជិត១ម៉ឺនដុល្លារ​

កណ្តាលៈ នេះជាលើកទី៣ហើយ ដែលក្រុមគ្រូពេទ្យប្រចាំនៅមន្ទីរសម្ភព សុខា បញ្ញា ក្រុងតាខ្មៅ បានឲ្យ​ថ្នាំចំនួន២គ្រាប់ដល់​​អ្នកជំងឺផឹករហូតប្រកាច់ស្លាប់ភ្លាមៗនៅក្នុងនៅមន្ទីរសម្ភព របស់ខ្លួន​ កាលពីវេលារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦។

ក្រោយពីមានហេតុការណ៍កើតឡើងភ្លាមៗប្រធានមន្ទីរសម្ភព សុខា បញ្ញា និងគ្រូពេទ្យដែលប្រើថ្នាំឲ្យ​អ្នកជំងឺប្រកាច់ស្លាប់ បានធ្វើការសម្របសម្រួលជាមួយក្រុមគ្រួសារជនរងគ្រោះ ដោយ​សងសំណងជាទឹកប្រាក់ចំនួន8500$ ដើម្បីបញ្ចប់រឿង។

ជនរងគ្រោះដែលត្រូវបានគ្រូពេទ្យ​ដាក់ថ្នាំឲ្យផឹករហូតប្រកាច់ស្លាប់នេះ មានឈ្មោះ ទិល ទូច ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានប្រពន្ធឈ្មោះ សុខ ទី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ មានកូនប្រុស-ស្រីនៅក្នុងបន្ទុកចំនួន២នាក់ រស់នៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប្រពន្ធរបស់ជនរងគ្រោះបានបំភ្លឺប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ៣ថ្ងៃ ប្តីរបស់គាត់(ជនរងគ្រោះ)មានអាការៈចុកក្នុងដើមទ្រូង (ឈឺបាត់ៗ) មិនបានទៅពេទ្យភ្លាមៗនោះទេ។ លុះមកដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ប្តីរបស់គាត់មានអាការៈចុកក្នុងដើមទ្រូងខ្លាំងឡើងៗ ទើបរូបគាត់ និងកូនបាន​​ដឹកបញ្ជូនទៅសង្រ្គោះព្យាបាលជំងឺនៅមន្ទីរសម្ភព សុខា បញ្ញា ដែលមានទីតាំងនៅខាងកើតផ្សារតាខ្មៅចាស់ ស្ថិតក្នុងភូមិ/សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ប្រពន្ធជនរងគ្រោះបានបន្តទៀតថា ពេលទៅដល់គ្រូពេទ្យប្រចាំមន្ទីរសម្ភព សុខា បញ្ញា បានយកឧបករណ៍វាស់ឈាមប្តីរបស់គាត់ បន្ទាប់ពីវាស់រួចគ្រូពេទ្យបានឲ្បប្តីរបស់គាត់ផឹកថ្នាំចំនួន២គ្រាប់ (ថ្នាំបញ្ចុះឈាមនិងថ្នាំបំបាត់ការឈឺចាប់)។ ក្រោយពីផឹកថ្នាំមិនបានប៉ុន្មាននាទីផងនោះ គ្រូពេទ្យបានយកឧបករណ៍ទៅវាស់ចង្វាក់បេះដូង ទើបដឹងថាប្តីរបស់ខ្លួនបានដាច់ខ្យល់ស្លាប់។

ប្រភពពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា បន្ទាប់ពីមានហេតុការណ៍កើតឡើងប្រធានមន្ទីរសម្ភព សុខា បញ្ញា បានធ្វើការសម្របសម្រួលសងសំណងទៅក្រុមគ្រួសារជនរងគ្រោះដើម្បីបញ្ចប់រឿង ដោយមានការដឹងឮពីចៅសង្កាត់ព្រែកឫស្សីផងដែរ ទើបក្រុមគ្រួសារសម្រេចដឹកសាកសពជនរងគ្រោះយកទៅធ្វើបុណ្យនៅលំនៅដ្ឋាន ដោយពុំបានប្តឹង ឬរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលមូលដ្ឋានឡើយ។

លោកវរសេនីយ៍ទោ ស៊ឹម ប៊ុតបណ្ឌិត អធិការនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានមនុស្សស្លាប់ ដោយការព្យាបាលនៅមន្ទីរសម្ភព សុខា បញ្ញា រួចមក លោកបានរាយការណ៍ប្រាប់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល សុំកម្លាំងជំនាញបច្ចេកទេស និងវិទ្យសាស្ត្រ ព្រមទាំងក្រុមគ្រូពេទ្យជំនាញខេត្ត ចុះទៅធ្វើការពិនិត្យកោសល្យវិច័យលើសាកសពជនរងគ្រោះ តែពេលទៅដល់ក្រុមគ្រួសារជនរងគ្រោះមិនបានសហការជាមួយសមត្ថកិច្ចយើងទេ គឺបានបដិសេធមិនឲ្យពិនិត្យលើសាកសពជនរងគ្រោះ។

លោកអធិការបានបញ្ជាក់ថា បន្ទាប់ពីក្រុមគ្រួសារជនរងគ្រោះមិនព្រមសហការ លោកបានរាយការណ៍ជូនលោកស្នងការ និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ទើបនៅព្រឹក១៧ ខែធ្នូ ឆ្នាំ២០១៦ សមត្ថកិច្ចបានធ្វើការកោះហៅមន្ទីរសម្ភព សុខា បញ្ញា ឲ្យចូលខ្លួនទៅបំភ្លឺ នៅប៉ុស្តិ៍តាខ្មៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល។

ពាក់ពន្ធ័និងករណីខាងលើនេះដែរ ភ្នាក់ងារ Post News បានទូរសព្ទទៅលោកកែវ គៀតឆូហ្វ ប្រធានមន្ទីរសម្ភព សុខា បញ្ញា ដើម្បីសុំការបំភ្លឺ ប៉ុន្តែលោកជាប់រវល់ពិនិត្យជំងឺគេនៅស្រុកកោះធំ​មិនអាចឆ្លើយបំភ្លឺបានទេ។

គួរបញ្ជាក់ថា មន្ទីរសម្ភព សុខា បញ្ញា នេះមានទីតាំងតាមបណ្តោយផ្លូវលេខ១០៦ ខាងកើតផ្សារតាខ្មៅចាស់ ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ក្នុងអំឡុងឆ្នាំ២០១៦នេះ មានអ្នកជំងឺ៣ទៅ៤នាក់ដែលស្លាប់បាត់បង់ជីវិត ដោយសារការព្យាបាល​របស់ក្រុមគ្រូពេទ្យប្រចាំមន្ទីរសម្ភព សុខា បញ្ញា នេះ ។ បើទោះបីជាមានករណីមនុស្សជាបន្តបន្ទាប់ ដោយសារការព្យាបាល​យ៉ាងណាក្តី ក៏មន្ទីរសម្ភព សុខា បញ្ញា នេះអាចដំណើរការបានយ៉ាងរលូន ដោយពុំមានការចុះត្រួតពិនិត្យ ឬបិទអាជីវកម្មពីសំណាក់មន្ទីរសុខាភិបាលខេត្តកណ្តាលនោះទេ។

ជាក់ស្តែងរឿងថ្មីនេះមួយទៀត ត្រូវបានប្រភពក្រៅផ្លូវការនិយាយថា មានអ្នកមានអំណាចនៅខេត្តកណ្តាលម្នាក់ចេញមុខរត់ការ ខណៈដែលមានវត្តមានសមត្ថកិច្ចចុះទៅកោះហៅភាគីមន្ទីរសម្ភព សុខា បញ្ញា យកមកធ្វើការសាកសួរ៕

https://youtu.be/sjpxRbnpQSg

មតិយោបល់