ព័ត៌មានជាតិ

ជនសង្ស័យជួញដូរ និងចែកចាយគ្រឿងញៀន២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួន ក្រោយពីឆែកឆេររកឃើញថ្នាំញៀន៣០កញ្ចប់ កាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ នៅមុខចំណុចបញ្ជាការដ្ឋានកងទ័ពជើងទឹក តាមបណ្តោយផ្លូវជាតិលេខ៦ ក្រុម៥ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ ផៃ សុភី ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិពាមអំពិល ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង និងទី២-ឈ្មោះ គុជ សី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅភូមិចុងក្រូច ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ព្រមទាំងដកហូតថ្នាំញៀន៣០កញ្ចប់ និងម៉ូតូមួយគ្រឿង ម៉ាក ហុងដា សេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1N-5387។

លោកវរសេនីយ៍ទោ ចាន់ ស្លី អធិការរងទទួលបន្ទុកផ្នែកអន្តរាគមន៍ខណ្ឌ បានឲ្យដឹងថា លោកបានបញ្ជាឲ្យ​កម្លាំងអន្តរាគមន៍ខណ្ឌទាំងអស់ ធ្វើការជិះចេញល្បាតនៅក្នុងមូលដ្ឋាន ដើម្បីទប់ស្កាប់រាល់បទល្មើសដូចជា ឆក់ ប្លន់ លួច ល្បែងស៊ីសង និងគ្រឿងញៀន ខណៈពេលកំពុងជិះល្បាត ស្រាប់តែបានប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង ដោយមានការសង្ស័យ ទើបកម្លាំងសមត្ថកិច្ចយើង បានធ្វើការឃាត់ខ្លួន និងឆែកឆេររកឃើញម្សៅក្រាមពណ៌(ស)ថ្លា ចំនួន៣០កញ្ចប់ ជាប្រភេទម៉ាទឹកកក ហើយកម្លាំងសមត្ថកិច្ចយើងក៏នាំខ្លួនជនសង្ស័យទាំង២នាក់ មកកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការសួរនាំ។

ក្រោយពីសាកសួរជនសង្ស័យទាំង២នាក់ខាងលើរួចមក ពួកគេបានសារភាពថា ដោយសារតែមានគេប្រើឲ្យ​ពួកគេទៅយកថ្នាំញៀននោះនៅម្តុំផ្លូវរថភ្លើង ក្បែររោងចក្រឆ្នាំង ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយគេឲ្យ​ខ្លួនក្នុងតម្លៃ ៥០០០០ម៉ឺនរៀល ក្នុងមួយជើង យកទៅស្រុកកំណើត ដើម្បីជួញដូរ និងចែកចាយ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លូវច្បាប់៕

//youtu.be/STtkp1W98oI

មតិយោបល់