ភ្នំពេញៈ កម្មករកម្មការនីរោងចក្រយីហោស៊ីរ៉ាតិចចំនួនប្រមាណ១ ០៣១នាក់បាននាំគ្នាទៅសាលាខណ្ឌពោធិ៍សែនជ័យដើម្បីសុំការអន្តរាគមន៍ពីសំណាក់លោក ហែម ដារិទ្ធ អភិបាលខណ្ឌ បន្ទាប់ពីរោងចក្រក្ស័យធនហើយថៅកែរត់គេចខ្លួនមិនបានបើកប្រាក់ខែជូនមកពួកគាត់។ រោងចក្រខាងលើមានទីតាំងនៅភូមិចំការឪឡឹក សង្កាត់ការកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
កម្មករម្នាក់នៅក្នុងចំណោមកម្មកខាងលើបានឲ្យដឹងថា រោងចក្រខាងលើបានបើកដំណើរការជាង១០ឆ្នាំមកហើយ ដោយថៅកែជាជនជាតិកូរ៉េហើយមានម្ចាស់ទីតាំងជាជនជាតិខ្មែរ ត្រូវបានគេស្គាល់ឈ្មោះ សុខ ឈុន បានឲ្យទីតាំងជួលទៅថៅកែជនជាតិកូរ៉េដើម្បីដំណើរការការងារ។ ប្រភពដដែលបានបន្តថា នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦ រោងចក្រខាងលើមានភាពរកាំរកូសដោយពុំសូវមានសម្ភារៈឲ្យកម្មករធ្វើការឡើយ ហើយបានព្យូរការងារកម្មករ ដោយបើកប្រាក់ខែឲ្យ៥០%មុន និងសន្យាថា ថ្ងៃទី៩ ខែធ្នូទើបបើកគ្រប់ចំនួន។
ប្រភពបន្តទៀតថា លុះដល់ថ្ងៃកំណត់បែរជាថៅកែរត់បាត់មិនបានបើកប្រាក់ខែឲ្យកម្មករ ទើបក្រុមកម្មករនាំគ្នាធ្វើការកូដកម្មនៅខាងមុខរោងចក្រ ហើយដឹងដល់ក្រសួងការងារចុះមកធ្វើការសម្របសម្រួលដោយសន្យាថានឹងលក់សម្ភារៈនៅខាងក្នុងឡៃឡុងដើម្បីបើកជូនកម្មករ តែបែរជាម្ចាស់ឃ្លាំងដែលមានឈ្មោះ សុខ ឈុន មិនព្រមឲ្យលក់ដោយអះអាងថា សម្ភារៈនោះ គឺជារបស់គាត់។
ទោះជាយ៉ាងណាក្រុមកម្មករមិនសុខចិត្តរហូតមកដល់ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ ទើបកម្មករនាំគ្នាទៅសុំការអន្តរាគមន៍ពីលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យដើម្បីជួយរកដោះស្រាយជូនពួកគាត់៕
មតិយោបល់