សៀមរាបៈ ទូរសព្ទដៃទំនើប និងកុំព្យូទ័រសរុប៧១គ្រឿង ត្រូវបានមន្ត្រីគយប្រចាំច្រកអាកាសយានដ្ឋានអន្តរជាតិសៀមរាប បង្ក្រាបបានពីបុរសជនជាតិចិនម្នាក់ ដែលលួចនាំចូលគេចពន្ធពីប្រទេសចិន។
ការបង្ក្រានេះ ធ្វើឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ នៅច្រកអាកាសយានដ្ឋានអន្តរជាតិសៀមរាប។
មន្ត្រីគយបានឲ្យដឹងថា ជនសង្ស័យឈ្មោះ Chen Anhui ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិនកាន់លិខិតឆ្លងដែនលេខE72577910។ ជនសង្ស័យបានធ្វើដំណើរមកពីប្រទេសចិន ហើយប្តូរជើងហោះហើរនៅទីក្រុងមេនីឡា ប្រទេសហ្វីលីពិន ហោះឆ្ពោះមកទីក្រុងសៀមរាប តាមជើងហោះហើរលេខ 5J 257(MNL-REP)។
ប្រភពបានបន្តទៀតថា ទូរសព្ទ និងកុំព្យូទ័រ ដែលជនជាតិចិនលួចនាំចូលទាំងមិនបង់ពន្ធនេះ រួមមាន ៖ ទូរសព្ទ Iphone 5 ចំនួន៤០គ្រឿង កុំព្យូទ័រ Laptop នៅថ្មីម៉ាក Asus ចំនួន២០គ្រឿង ម៉ាក Lenovo ចំនួន ៥គ្រឿង និងកុំព្យូទ័រ Laptop ប្រើរួចម៉ាក Lenovo ចំនួន២គ្រឿង និងម៉ាក Asus ចំនួន៤គ្រឿង។
ក្រោយពីឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងគយធ្វើកំណត់ហេតុ បញ្ជូនទៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីដោះស្រាយទៅតាមនីតិវិធីនៃច្បាប់ស្តីពីគយ។
សូមរម្លឹកផងដែរថា កន្លងមកកម្លាំងគយប្រចាំ ច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប ធ្លាប់ចាប់បាន ទំនិញជាច្រើន ដែលក្រុមឈ្មួញនាំចូលមកពីបរទេសមិនបានបង់ពន្ធ។ ករណីនេះ ត្រូវបាន គេលើកឡើងថា ច្រកមួយនេះ សម្បូរឈ្មួញរកស៊ីអំពើរត់ពន្ធយ៉ាងច្រើន ជាមួយគ្នានេះ កន្លងទៅកម្លាំងគយព្រលានយន្តហោះសៀមរាប ធ្លាប់ចាប់ថ្នាំសម្រើប ហើយធ្វើការដោះលែងទៅវិញ ជាថ្នូរទៅនឹងទឹកប្រាក់រាប់ម៉ឺនដុល្លារ រហូតមកដល់ ពេលនេះ មិនត្រូវបានថ្នាក់លើមានវិធានការទៅលើគយច្រកនេះនៅឡើយទេ ខណៈមហាជនកំពុងតែតាមដានយ៉ាងខ្លាំង រឿងដោះលែងថ្នាំសម្រើបនោះ៕
មតិយោបល់