ភ្នំពេញៈ បុរស២នាក់ ត្រូវបានប្រជាពលរដ្ឋ ប្តឹងសមត្ថកិច្ចឲ្យចាប់ យកមកធ្វើការសាកសួរ ក្រោយពីឃើញជិះម៉ូតូចាស់មួយគ្រឿង ពាក់ស្លាកលេខ នគរបាល ក្លែងក្លាយ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៧ និង៣០នាទី ព្រឹកថ្ងៃទី២០ ខែធ្នូឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
មនុស្សទាំង២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើ ទី១ឈ្មោះ ទី សុវិត្តិ អាយុ៣៩ ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានស្រុកកំណើតភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងទី២ឈ្មោះមឿន សាម៉ន អាយុ១៩ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិសែនសុខ៤ សង្កាត់ឃ្មួញខណ្ឌសែនសុខ។
សមត្ថកិច្ចឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនបុរសខាងលើ មានប្រជាពលរដ្ឋរាយការណ៍មកថា បុរសទាំង២នាក់នេះបានជិះម៉ូតូស៊េរីចាស់ ពណ៌ក្រហម ពាក់ស្លាកលេខ នគរបាល មិនប្រក្រតី ដោយជិះក្រឡឹងទៅវិញទៅមក ក្នុងមូលដ្ឋានរបស់ខ្លួន ដោយមើលទៅមានការសង្ស័យ ក៏ប្តឹងសមត្ថកិច្ចឲ្យចុះទៅត្រួតពិនិត្យ និងឃាត់យកមកធ្វើការសាកសួរតែម្តង។
សមត្ថកិច្ចបានបន្តទៀតថា ក្រោយពីឃាត់ខ្លួនយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ដើម្បីសាកសួរ បុរសទាំង២នាក់ បានប្រាប់ថា មុនពេលកើតហេតុពួកគេទាំង២នាក់ បានចេញពីសិប្បកម្មធ្វើដែកយីហោ ឡាវ វណ្ណា ជាកន្លែងស្នាក់នៅ គោល
បំណងទៅធ្វើដំបូល និងយ៉ាបផ្ទះឲ្យគេនៅម្តុំចំការដូង ដោយជិះកាត់ចំណុចខាងលើដើម្បីមកហូបបបរសិន ខណៈហូបរួចហើយនោះ បម្រុងនឹងជិះចេញ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកប៉ុស្តិ៍តែម្តង។
តាមការបញ្ជាក់របស់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញបានឲ្យដឹងថា ស្លាកលេខដែលបុរសខាងលើចាប់ជាប់ម៉ូតូចាស់នេះ គឺជាស្លាកលេខក្លែងក្លាយ ប្រភេទស័ង្កសីប៉ុណ្ណោះ ហើយករណីខាងលើនេះសមត្ថកិច្ចគ្រាន់តែធ្វើការអប់រំនិងឲ្យដោះចេញ ហើយហៅរកអ្នកមកធានាឲ្យត្រឡប់ទៅផ្ទះវិញ៕
មតិយោបល់