ព័ត៌មានជាតិ

បញ្ជូនជនសង្ស័យ១៣នាក់ ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន និងហិង្សា

ភ្នំពេញៈ ជនសង្ស័យ១៣នាក់ក្នុងនោះមានស្ត្រី២នាក់ផងដែរ ដែលពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន និងករណីប្រើប្រាស់ហិង្សា ហើយត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រោយពីឃាត់ខ្លួនធ្វើការសាកសួរបណ្តោះអាសន្ន និងធ្វើតេស្តទៅលើទឹកនោមឃើញមានផ្ទុកនូវសារជាតិញៀនរួចមក។

លោក ម៉ក់ ហុង អធិការខណ្ឌបានមានប្រសាសន៍ថា ដោយមានបទបញ្ជាពីលោកអគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពីលោក កុល ប៊ុន ព្រះរាជអាជ្ញរងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាឲ្យចុះសហការ និងបង្ក្រាបជាក់ស្តែងក្នុងភូមិត្រពាំងឈូក ខាងមុខមន្ទីរពេទ្យព្រះកុសុមៈដែលជាតំបន់ស្មុកស្មាញ ទើបលោកដឹកនាំកម្លាំងដោយមានការសហការជាមួយសាលាខណ្ឌសែនសុខ ចុះមកបង្ក្រាបដោយឃាត់ខ្លួនជនសង្ស័យ និងដកហូតបានថ្នាំញៀន ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ក្រុមប្រើប្រាស់គ្រឿងញៀនដែលបញ្ជូនទៅតុលាការព្រឹកនេះ មានប្រុស១១នាក់ដែលបង្ក្រាបបាននៅម្តុំមុខមន្ទីរពេទ្យព្រះកុសុមៈកន្លងទៅ និងស្ត្រី២នាក់ពាក់ព័ន្ធនឹងការប្រើហិង្សាវាយគ្នាទៅវិញទៅមក។

នៅក្នុងប្រតិបត្តិការនេះ ប្រជាពលរដ្ឋបានសំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធថា បើចាប់បានអ្នកប្រើប្រាស់គ្រឿងញៀនហើយមិនគួរដោះលែងវិញទេ គួរតែយកទៅដាក់ក្នុងមណ្ឌលកែប្រែឲ្យបានយូរផង កុំឲ្យមានពាក្យថាចាប់ហើយដោះលែងមកវិញមុខអាដែលៗនោះវាមិនសមទេ៕

មតិយោបល់