ភ្នំពេញៈ ជនសង្ស័យជាចោរឆក់ចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ចាប់ឃាត់ខ្លួន ក្រោយពីពួកគេបាននាំគ្នាធ្វើសកម្មភាពឆក់ការបូបមិនបានសម្រេចពីជនបរទេស រួចព្យាយាមជិះរត់ ហើយដួលម៉ូតូនោះ។
ការចាប់ឃាត់ខ្លួននេះដែរបានធ្វើឡើងកាលពីវេលាម៉ោង១២និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចគល់ស្ពានឥន្ធនូ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនមាន ទី១ឈ្មោះ សៀង មង្គលសិរី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ និងទី២ឈ្មោះ វណ្ណ ចាន់សុវត្ថិ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ជាមួយគ្នា។
មុនពេលកើតហេតុ គេបានឃើញជនបរទេស២នាក់ប្តីប្រពន្ធនាំគ្នាចេញពីកោះពេជ្រ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខក្រុមជនសង្ស័យទាំង២នាក់ជិះម៉ូតូម៉ាក ហុងដាC125 ពណ៌ទឹកមាស ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1GQ-4340 មួយគ្រឿងមកធ្វើសកម្មភាពឆក់យកការបូបស្ពាយពីពួកគាត់ តែត្រូវភ្លាត់ស្នៀតក៏ដួល និងត្រូវកម្លាំងមានសមត្ថកិច្ចចាប់ខ្លួនបានទាំង២នាក់តែម្តង។
ក្រោយពេលកើតហេតុ ជនបរទេសរងគ្រោះទាំង២នាក់ប្តីប្រពន្ធក៏បានបន្តដំណើរចេញទៅបាត់ ចំណែកឯក្រុមជនសង្ស័យជាចោរឆក់ទាំង២នាក់ ក៏បាននាំខ្លួនមកធ្វើការសាកសួរនៅនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីធ្វើកំណត់ហេតុបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕












https://youtu.be/yZK0dhei0q4
មតិយោបល់