ត្បូងឃ្មុំៈ បុរសម្នាក់បានលែងលះគ្នាជាមួយប្រពន្ធទំនងជាខូចចិត្ត បានសម្រេចចិត្តបញ្ចប់ជីវិត ដោយយកខ្សែនីឡុងចង.កទៅនឹងផ្លានបន្ទប់ចង្ក្រានបាយក្នុងផ្ទះ ដែលមានកំពស់៣ ម៉ែត្រ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។
ហេតុការណ៍ បង្កភ្ញាក់ផ្អើលនេះ បានកើតឡើងនៅចន្លោះម៉ោង១៣និង០០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិ៣៦ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចស្រុកត្បូងឃ្មុំបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ អ៊ុន ហ្សឺឌី ហៅចក់ អាយុ២៥ ឆ្នាំ នៅភូមិកើតហេតុ ឪពុកឈ្មោះ អ៊ុន អ៊ន់ ម្តាយឈ្មោះ ប៉ិល នាត បានធ្វើអត្តឃាត ដោយយកខ្សែនីឡុង ចងកទៅនឹងផ្លាន បន្ទប់ចង្ក្រានបាយក្នុងផ្ទះដែលមានកំពស់៣ម៉ែត្រ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង កើតហេតុ។
សមត្ថកិច្ចបានបន្ដថា ជនរងគ្រោះធ្លាប់មានប្រពន្ធ ឈ្មោះ ប៊ន ស្រីជា អាយុ២៥ឆ្នាំរស់នៅភូមិជាំក្រវៀន ឃុំជាំក្រវៀន ស្រុកមេមត់ មានកូន ស្រី១នាក់ ឈ្មោះ វ៉ិត ស្រីកែវ អាយុ៨ ឆ្នាំ ហើយបានបែកបាក់គ្នានៅឆ្នាំ២០១១ មកម្ល៉េះ ចាប់ពីពេលបែកបាក់គ្នា ជនរងគ្រោះហាក់ដូចមានអារម្មណ៍ខុសប្រក្រតី ហើយមុនពេលដែលធ្វើអត្តឃាត គេសង្កេតឃើញជនរងគ្រោះ ទាញយករូបថតកូនស្រីមកមើល ដោយមើលហើយមើលទៀត ក្រោយមកស្រាប់តែ ដល់ពេលម៉ោង៤និង០០នាទី ថ្ងៃកើតហេតុ ឈ្មោះ ផាត ស្រីវៀន ភេទស្រី អាយុ១៨ឆ្នាំ ត្រូវជាក្មួយសព ចូលយកអង្ករដាំបាយហូប ស្រាប់តែឃើញជនរងគ្រោះ ចងកស្លាប់ទៅហើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ នគរបាលស្រុកត្បូងឃ្មុំ សហការជាមួយគ្រូពេទ្យ និងគ្រួសារសព ពិនិត្យសាកសពឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយអត្តឃាត ដោយចងកពិតប្រាកដមែន។ បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ប្រគល់ឱ្យទៅសាច់ញាតិនៃសព យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់